ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានយល់ព្រមលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាមួយ ដើម្បីបង្កើនទំនាក់ទំនងក្នុង AI បច្ចេកវិទ្យាកង់ទិច និងថាមពលនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនកំពូលៗរបស់អាមេរិកដែលដឹកនាំដោយ Microsoft ជាមួយទុនវិនិយោគសរុបប្រមាណ ៣២ពាន់លានផោន (៤២ពាន់លានដុល្លារ) នៅអង់គ្លេស។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន CNA។

ក្រោមកិច្ចព្រមពៀងមួយមានឈ្មោះថា “Tech Prosperity Deal” គឺជាផ្នែកមួយនៃដំណើរទេស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសអង់គ្លេស។
ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងនេះរួមមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍគំរូ AI សម្រាប់ការថែទាំសុខភាព ពង្រីកសមត្ថភាពកុំព្យូទ័រកង់ទិច និងសម្រួលគម្រោងនុយក្លេអ៊ែរស៊ីវិល។ ហើយកិច្ចព្រមព្រៀងនេះ នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ការស្រាវជ្រាវវិទ្យាសាស្ត្រ និងសន្តិសុខថាមពលនៅក្នុងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា កិច្ចព្រមព្រៀងនេះមានសក្តានុពលក្នុងការរៀបចំអនាគតរបស់មនុស្សរាប់លាននាក់នៅសងខាងនៃមហាសមុទ្រអាត្លង់ទិក ហើយផ្តល់នូវកំណើន និងសន្តិសុខ។
ជម្រាបជូនថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតតែមួយគត់របស់ប្រទេសអង់គ្លេស ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លាររួចហើយ នៅក្នុងប្រតិបត្តិការរបស់ពួកគេក្នុងចក្រភពអង់គ្លេស៕

