ក្រុមហ៊ុន Anthropic ដែលជាក្រុមហ៊ុនមេបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត (AI) Claude បានកំណត់តម្លៃភាគហ៊ុនសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ខ្លួន ក្នុងតម្លៃ ៨៣ដុល្លារអាមេរិកក្នុងមួយហ៊ុន ហើយការកំណត់នេះ អាចនធ្វើឲ្យក្រុមហ៊ុនរៃអង្គាសដើមទុនបានចំនួន ៨១,៣ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃភាគហ៊ុន ៨៣ដុល្លារនេះ ខ្ពស់ជាងចន្លោះតម្លៃដែលក្រុមហ៊ុន Anthropic បានរំពឹងទុកពីមុន គឺចន្លោះពី ៧០ទៅ៧៨ដុល្លារក្នុងមួយហ៊ុន។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ចំនួនភាគហ៊ុនដែលត្រូវបានដាក់លក់មានរហូតដល់ ៩៨០ លានហ៊ុន ខ្ពស់ជាងផែនការដំបូងដែលកំណត់ត្រឹម ៨២៥ លានហ៊ុន។
យ៉ាងណាមិញ នេះគឺជាការបោះផ្សាយលក់ IPO ដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ដោយបានវ៉ាដាច់កំណត់ត្រាចាស់របស់ក្រុមហ៊ុន SpaceX កាលពីខែមិថុនា ពោលនៅពេលដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk មួយនេះ បានរៃអង្គាសដើមទុនចំនួន ៧៥ពាន់លានដុល្លារ ពីការបោះផ្សាយលក់ IPO។
ជម្រាបជូនថា បច្ចុប្បន្ន Anthropic កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា OpenAI និង Google ជាដើម។ ក្រុមហ៊ុននេះទទួលបានកំណើនយ៉ាងឆាប់រហ័សក្នុងឆ្នាំនេះ ដែលភាគច្រើនជំរុញដោយប្រជាប្រិយភាពនៃឧបករណ៍សរសេរកម្មវិធីដោយប្រើ AI ឈ្មោះ Claude Code របស់ខ្លួន៕

