មហាសេដ្ឋី Elon Musk ចោទប្រធានាធិបតី Zelensky ថានិយាយកុហកជុំវិញរឿងប្រព័ន្ធ Starshield

អន្តរជាតិ

មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានបដិសេធការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថាប្រទេសអ៊ុយក្រែនកំពុងប្រើប្រាស់បណ្តាញទំនាក់ទំនងសុវត្ថិភាព Starshield ដែលបង្កើតឡើងដោយក្រុមហ៊ុន SpaceX។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“រឿងនោះមិនពិតទេ។ ខ្ញុំមិនចង់ធ្វើឱ្យអ្នកណាម្នាក់ភ្ញាក់ផ្អើលឡើយ ប៉ុន្តែលោកប្រធានាធិបតី Volodymyr Zelensky តែងតែនិយាយពាក្យមិនពិត”។ នេះជាការលើកឡើងរបស់លោក Musk ក្នុងអំឡុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយមួយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។

យ៉ាងណាមិញ លោក Musk បានធ្វើសេចក្តីថ្លែងការណ៍នេះឡើង បន្ទាប់ពីត្រូវបានស្នើឱ្យបញ្ចេញមតិលើការលើកឡើងរបស់លោក Zelensky ថា បណ្តាញទំនាក់ទំនងផ្កាយរណប Starshield នៅតែប្រឈមមុខនឹងការរឹតត្បិតនៅក្នុងប្រទេសអ៊ុយក្រែន។

យ៉ាងណាមិញ មហាសេដ្ឋីរូបនេះបានចោទប្រកាន់ថា លោក Zelensky កំពុងនិយាយកុហក នៅពេលអះអាងថា អ៊ុយក្រែនកំពុងប្រើប្រាស់ប្រព័ន្ធ Starshield។ លោក Musk បានបន្ថែមថា អ្វីដែលលោក Zelensky ចង់បាន គឺការប្រើប្រាស់ Starlink សម្រាប់ប្រតិបត្តិការវាយប្រហារផ្នែកយោធារបស់គាត់ ហើយ SpaceX ចេញមុខបញ្ជាក់តាំងពីដំបូង មុនពេលមានជម្លោះទៅទៀត។

លោក Musk បានពន្យល់ថា Starshield គឺជាសេវាកម្មទំនាក់ទំនងសុវត្ថិភាព ដែលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ និងឧបករណ៍ភ្ជាប់បណ្តាញពិសេសសម្រាប់វិស័យយោធា។ ប្រព័ន្ធនេះប្រើប្រាស់បណ្តាញផ្កាយរណប Starlink ដែលដាក់ឱ្យដំណើរការដោយក្រុមហ៊ុន SpaceX ជាមូលដ្ឋាន។

លោក Musk ក៏បានបញ្ជាក់ទៀតថា ប្រព័ន្ធ Starlink និង Starshield គឺជាប្រព័ន្ធពីរផ្សេងគ្នា។ លោកថា Starlink ជាបណ្តាញផ្កាយរណបពាណិជ្ជកម្ម ខណៈ Starshield ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា Starlink មិនត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ជាអាវុធសម្រាប់ប្រតិបត្តិការវាយប្រហារនោះទេ។ ចំណែកការសម្រេចចិត្តពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ Starshield គឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិក និងក្រសួងសង្គ្រាមអាមេរិកប៉ុណ្ណោះ៕​