ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះបញ្ជីជាផ្លូវការនូវក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលការគ្រប់គ្រងទាំងស្រុងរបស់ខ្លួន គឺក្រុមហ៊ុន Royal Group (Beijing) International Co., Ltd. មានអាសយដ្ឋាននៅ អគារលេខ ១៧០ ផ្លូវ Beiyuan ស្រុក Chaoyang ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យថាមពល។

ក្រុមហ៊ុន RG Beijing ដែលជាច្រកតំណាងតែមួយគត់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅក្នុងប្រទេសចិន គឺជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រដ៏សំខាន់មួយ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីបង្កើនប្រសិទ្ធភាពនៃការបែងចែកធនធានឆ្លងដែន និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន ព្រមទាំងជាជំហានជាក់ស្តែងក្នុងការជំរុញចំណងមិត្តភាព ដែកថែបរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។
ក្រុមហ៊ុននេះនឹងផ្តល់ការគាំទ្រ និងសេវាកម្មគ្រប់ជ្រុងជ្រោយ សម្រាប់រាល់អាជីវកម្មទាំងអស់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានមូលដ្ឋាននៅប្រទេសចិន ព្រមទាំងចូលរួមចំណែក ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ក្រុមហ៊ុន RG Beijing នឹងផ្តោតការយកចិត្តទុកដាក់លើវិស័យថាមពល ដោយប្រើប្រាស់លទ្ធភាពទទួលបានព័ត៌មាន បុគ្គលិកជំនាញ និងធនធានឧស្សាហកម្មរបស់ខ្លួន។
ក្រុមហ៊ុននឹងសម្របសម្រួលការរចនាវិស្វកម្ម ការផ្គត់ផ្គង់ឧបករណ៍ ការប្រឹក្សាបច្ចេកទេស និងប្រតិបត្តិការរោងចក្រ ដើម្បីជួយធានាថា គម្រោងចំនួនពីររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន រួមមាន រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ កម្លាំង ៩០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងគម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង ២០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង ត្រូវបានបញ្ចប់ការសាងសង់ដោយជោគជ័យ ចាប់ផ្តើមដំណើរការតាមកាលកំណត់ និងដំណើរការប្រកបដោយស្ថិរភាពជាបន្តបន្ទាប់។ កិច្ចការនេះនឹងគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មថាមពល និងអគ្គិសនីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
គួរបញ្ជាក់ថា ក្រៅពីវិស័យថាមពល ក្រុមហ៊ុន RG Beijing នឹងសម្របសម្រួលសកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (RG) នៅក្នុងប្រទេសចិន ព្រមទាំងតភ្ជាប់តម្រូវការភាពជាដៃគូឧស្សាហកម្ម ការវិនិយោគ និងហិរញ្ញប្បទានរបស់ខ្លួន ជាមួយនឹងកាលានុវត្តភាពនៅក្នុងទីផ្សារប្រទេសចិនផងដែរ៕



