ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលារៀនសុវណ្ណភូមិ ទីតាំងស្ទឹងមានជ័យទី២ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនូវអគារសិក្សាថ្មីរបស់ខ្លួន ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប (NTC Group) ព្រមទាំង លោកជំទាវ យូរ ឃីម ធីឡាយ និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍នាឱកាសដ៏វិសេសវិសាលនេះ លោកឧកញ៉ា ជា ធីឡាយ បានលើកឡើងថា សមិទ្ធផលថ្មីនាថ្ងៃនេះ មិនត្រឹមតែជាការបោះជំហានទៅមុខមួយកម្រិតទៀតក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាអប់រំប៉ុណ្ណោះទេ ប៉ុន្តែ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតរាថយរបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ។

លោកឧកញ៉ា ស្ថាបនិកស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប មានប្រសាសន៍បន្ថែមថា៖ ការអប់រំ គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។ នៅសាលារៀនសុវណ្ណភូមិ មិនត្រឹមតែផ្តល់នូវចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែបាននិងកំពុង ផ្តោតយ៉ាងសំខាន់ លើការបណ្តុះបណ្តាល «បំណិនសតវត្សរ៍ទី២១»។ កម្មវិធីសិក្សាត្រូវបានរចនាឡើងដើម្បីពង្រឹងទាំងចំណេះដឹង ជំនាញទន់ សីលធម៌ គុណធម៌ ភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាថាសិស្សានុសិស្សនឹងក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាពពេញលេញ និងអាចប្រកួតប្រជែងបានក្នុងយុគសម័យឌីជីថលនេះ។

សាលារៀនសុវណ្ណភូមិ ផ្តល់អាទិភាពចម្បងលើគ្រូបង្រៀន ដែលជាសរសៃឈាមរបស់ស្ថាប័នឆ្ពោះទៅរកនវានុវត្តន៍ក្នុងការបង្រៀន ដោយលោកគ្រូ អ្នកគ្រូ ត្រូវបន្តធ្វើបច្ចុប្បន្នភាពវិធីសាស្ត្រគរុកោសល្យរបស់ខ្លួនឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាទំនើប ដើម្បីជំរុញឱ្យសិស្សានុសិស្សមានទម្លាប់សិក្សាស្រាវជ្រាវដោយខ្លួនឯង ហ៊ានបញ្ចេញមតិ និងមានការគិតស៊ីជម្រៅ។

ទន្ទឹមនឹងការយកចិត្តទុកដាក់លើកម្មវិធីសិក្សា សាលារៀនសុវណ្ណភូមិ ក៏បានធ្វើទំនើបកម្មលើសម្ភារូបវន្ត ដោយបង្កើតជា បន្ទប់សិក្សាបច្ចេកវិទ្យា AI (AI Lab) ដើម្បីជំរុញការសិក្សារបស់សិស្សឱ្យកាន់តែមានប្រសិទ្ធភាព។ សិស្សានុសិស្សម្នាក់ៗនឹងទទួលបានការអនុវត្តផ្ទាល់ តាមរយៈឧបករណ៍ថេប្លេត (Tablet) នៅក្នុងបន្ទប់ AI Lab នេះ ដែលជំរុញឱ្យពួកគេចូលរួមសកម្មភាពសិក្សាបានពេញលេញ ពោលគឺ មិនមែនគ្រាន់តែអង្គុយមើលនោះឡើយ។ ទាំងនេះបញ្ជាក់ឱ្យឃើញថា សាលារៀនសុវណ្ណភូមិ បានដាក់បញ្ចូល និងកំពុងជំរុញបច្ចេកវិទ្យាទំនើបទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ឱ្យស្របទៅតាមការវិវត្តនៃសម័យកាល។

នាឱកាសអបអរសាទរពិធីសម្ពោធអគារសិក្សាថ្មីនេះដែរ លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប ថ្លែងថា សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំឈានមុខគេ និងជាថ្នាលបណ្តុះ «គ្រាប់ពេជ្រ» ដើម្បីអភិវឌ្ឍសង្គមជាតិ។ លោកបានបន្តទៀតថា សាលារៀនសុវណ្ណភូមិ ជាសាលាដែលឈរជើង មានកេរ្តិ៍ឈ្មោះ និងមានបទពិសោធន៍រយៈពេល ជាង៣០ឆ្នាំ ទាំងភាពរឹងមាំផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុ ដែលធ្វើឱ្យមាតាបិតា និងអ្នកអាណាព្យាបាលមានទំនុកចិត្ត និងជឿជាក់ខ្ពស់មកលើសាលារៀន។

ថ្មីៗនេះ សាលារៀនសុវណ្ណភូមិ ក៏បានក្លាយជាសាលាឯកជនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានភាពជាដៃគូដ៏ឧត្តុង្គឧត្តមក្នុង ភាពជាដៃគូសហការអប់រំខេមប្រ៊ីជ (Cambridge English Educational Partner – CEEP)។
អ្វីកាន់តែពិសេសជាទីមោទនភាព សាលារៀនសុវណ្ណភូមិ មានអត្រាសិស្សប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស ៩៨% ដែលក្នុងរយៈពេល១១ឆ្នាំ មានសិស្សជាប់និទ្ទេស A ចំនួន ៥៦២នាក់!

សមិទ្ធផលនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការផ្តល់នូវការអប់រំភាសាអង់គ្លេស ប្រកបដោយគុណភាពខ្ពស់ និងការជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យសម្រេចបាននូវឧត្តមភាពជាមួយគ្នា។

គួរបញ្ជាក់ផងដែរថា សាលារៀនសុវណ្ណភូមិ បានរៀបចំនូវកម្មវិធីសិក្សាដ៏សម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំបែបឌីជីថល និងសម័យកាលទំនើប រួមមាន៖ កម្មវិធីចំណេះទូទៅខ្មែរ (Khmer General Education – KGE)៖ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ដែលស្របតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីភាសាអង់គ្លេសទូទៅ (General English Program – GEP)៖ បង្កើតឡើងដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់សិស្សានុសិស្សឱ្យបានស្ទាត់ជំនាញ និងមានទំនុកចិត្តខ្ពស់ ដែលបច្ចុប្បន្នមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នខេមប្រ៊ីជ (Cambridge) ចក្រភពអង់គ្លេស និងជាដៃគូសហការអប់រំខេមប្រ៊ីជ (CEEP)។




