ឧកញ៉ា ប៉ិច បូឡែន ចូលបង្រៀនដោយផ្ទាល់ដល់បុគ្គលិក អ្នកឧកញ៉ា ម៉ុង ឫទ្ធី ចំនួន ១០០នាក់

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ប៉ិច បូឡែន ​​អគ្គនាយក​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ​បាន​ចូលរួម​រៀបចំ​បើក​វគ្គបណ្តុះបណ្តាល​លើ​ជំនាញ Soft Skill ដ៏​សំខាន់​មួយ ​ជូន​ដល់​បុគ្គលិក​​ក្រុមហ៊ុន​ អិម ភីក អេស៊ីអិមស៊ី (M’s Pig ACMC) ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ម៉ុង ឫទ្ធី គ្រុប ( Mong Rithy Group) របស់​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ចំនួន​ប្រមាណ ១០០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​​​​ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បាន​បញ្ជាក់​​លើទំព័រហ្វេសប៊ុក ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ​ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ​​សូម​អរគុណក្រុមហ៊ុន M’s Pig របស់ក្រុមហ៊ុនយក្ស ម៉ុង ឫទ្ធី គ្រុប​ ដែលបានផ្តល់ឱកាសដល់ វិទ្យាស្ថាន អភិវឌ្ឍវិស័យអប់រំ (Educational Development Institute – EDI) រៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី “ទម្លាប់​៧​យ៉ាង​​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​របស់​បុគ្គល​ឆ្នើម” ជូនបុគ្គលិកប្រហែល ១០០នាក់។ ឧកញ៉ា ប៉ិច បូឡែន ​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា វគ្គបណ្តុះបណ្តាល​នេះ​ក៏​មាន​ចូលរួម​សហការ​បណ្តុះបណ្តាល​ពី​​​អ្នកគ្រូ នុត ក្លារ៉ា (Clara Nouth) នាយក Apsara Media Service ​ផងដែរ។

ក្រុមហ៊ុន M’s PIG ACMC គឺ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់ជ្រូក​គុណភាព​ខ្ពស់​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ បង្កើត​ឡើង​តាំងពីឆ្នាំ​២០០៨។ ក្រុមហ៊ុន​មួយ​នេះ​ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​មនោរម្យ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

វិទ្យាស្ថាន អភិវឌ្ឍវិស័យអប់រំ (Educational Development Institute) ជាស្ថាប័ន​អប់រំ​មួយ​ ក្នុងការ​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ សេវាប្រឹក្សាយោបល់ និង​ការ​ស្រាវជ្រាវ​នៅ​កម្ពុជា។ វិទ្យាស្ថាន អភិវឌ្ឍវិស័យអប់រំ ជា​​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែល​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ២០០៧៕