យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេសកម្ពុជា ត្រូវបានកំណត់ឱ្យចុះថ្លៃបន្ថែមទៀត ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង ១ រសៀល ថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦។

សម្រាប់រយៈពេល ១០ថ្ងៃខាងមុខនេះ ប្រេងសាំងធម្មតា (Gasoline 92) មានតម្លៃថ្មី ៤ ០៥០ រៀល ឬស្មើនឹង ១,០០ ដុល្លារក្នុងមួយលីត្រ គឺបានចុះថ្លៃ ៣០០ រៀល។ ចំណែកឯប្រេងម៉ាស៊ូត (Gasoil 10ppm) មានតម្លៃថ្មី ៤ ៩០០ រៀល ឬស្មើនឹង ១,២១ ដុល្លារក្នុងមួយលីត្រ គឺបានចុះថ្លៃ ៤០០ រៀល។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមថា ការបន្តចុះថ្លៃនេះ គឺដោយសារការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ គួបផ្សំនឹងការជួយសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តបញ្ចុះពន្ធ និងអាករលើតម្លៃបន្ថែម ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តការលក់តាមតម្លៃកំណត់នេះឱ្យបានត្រឹមត្រូវ និងសូមឱ្យសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

