មោទកភាព! RBR-Crossleader ចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» ដើម្បីផ្សព្វផ្សាយសក្តានុពល ទេសចរណ៍នៅតំបន់ភូមិភាគឦសាន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន RBR CAMBODIA ដែលជាក្រុមហ៊ុនផលិត និងចែកចាយសំបកកង់រថយន្តក្នុងស្រុកម៉ាក CROSSLEADER កម្រិតស្តង់ដារអន្តរជាតិ បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» ដើម្បីផ្សព្វផ្សាយសក្តានុពល ទេសចរណ៍នៅតំបន់ភូមិភាគឦសាន របស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកក្បួនរថយន្តព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីក្រុម​អ្នកស្រឡាញ់រថយន្ត កីឡាករ កីឡាការិនី ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងក្រុមការងាររៀបចំព្រឹត្តិការណ៍ និងសាធារណជនប្រមាណ ២.០០០នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ឦសាន Overland» មានសារៈសំខាន់​ក្នុងការចូលរួមលើកស្ទួយចលនាទេសចរណ៍ក្នុងស្រុក ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី» តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដោយបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ ការធ្វើដំណើរប្រកបដោយ​សុខសុវត្ថិភាព និងភាពទាក់ទាញនៃម្ហូបអាហារប្រចាំតំបន់។

ព្រឹត្តិការណ៍ «ឦសាន Overland» បានរៀបចំ ចំនួន៣លើកមកហើយ ដោយលើកទី១ នៅឆ្នាំ២០២៤ មានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ១,១៤០នាក់ និងរថយន្តចំនួន ២៨៥គ្រឿង។ សម្រាប់លើកទី៣ ក្នុងឆ្នាំ២០២៦ នេះ គ្រោងមានអ្នកចូលរួមប្រមាណ ២,០០០នាក់ និងរថយន្តប្រមាណ ៥០០គ្រឿង ដោយក្បួនរថយន្តនឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេស​កម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណបងប្អូនខ្មែរ​ដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕