រដ្ឋមន្ដ្រី ៣រូប ដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ស្ដីពីការងារកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ស្ដីពីការងារសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានការចូលរួមដោយរដ្ឋមន្ដ្រីក្រសួង២រូបទៀត រួមមាន លោកសហប្រធាន ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកសហប្រធាន ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយក្រុមការងារលេខាធិការដ្ឋានត្រី-វិស័យ និងមន្រ្តីជំនាញនៃក្រសួងទាំងបី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤នេះ រៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពលើ របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រី-វិស័យបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៣, សេចក្តីព្រាងផែនការសកម្មភាពបីឆ្នាំរំកិល២០២៥-២០២៧ និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រត្រី-វិស័យរយៈពេល៥ឆ្នាំ២០២៦-២០៣០។

នាឱកាសនោះ លោក ឌិត ទីណា បានវាយតម្លៃខ្ពស់នូវក្រុមការងារត្រី-វិស័យ ដែលខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត មានផែនការមេច្បាស់លាស់ កំណត់អាទិភាពនិងដាក់មធ្យោបាយរួម មានការគិតគូរជាលក្ខណៈបុរេសកម្ម ស្តែងចេញជាលទ្ធផលជួយដល់ប្រជាជននៅមូលដ្ឋានឱ្យមានជីវភាពប្រសើរឡើង មានភោគផលសេដ្ឋកិច្ច និងលើកទឹកចិត្តឱ្យបន្តការងារនេះ ដើម្បីជំរុញឱ្យមានសន្ទុះលឿនជាងមុនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងត្រី-វិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ បានបង្កើតឡើងដើម្បីជំរុញកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍ជនបទ លើកស្ទួយកំណើនសេដ្ឋកិច្ច ចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្របសម្រួលឱ្យមានភាពបន្ស៊ីគ្នារវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕