ប្រតិភូកម្ពុជា ផ្សព្វផ្សាយសក្តានុពលពាណិជ្ជកម្មនិងវិនិយោគរបស់កម្ពុជា ជូនដល់បណ្តាញធុរជនបារាំង និងអាស៊ី ដើម្បីទាកទាញកំណើនវិនិយោគមកកាន់កម្ពុជា។នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីជប់លៀងអាហារពេលល្ងាច (Gala Dinner) រៀបចំឡើងដោយមូលនិធិ Fondation France-Asie កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ពិធីនេះ រៀបចំឡើងដោយមានការគាំទ្រពីសំណាក់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ដើម្បីបង្កើតជាថ្នាលតភ្ជាប់ទំនាក់ទំនងរដ្ឋាភិបាលនិងវិស័យឯកជន ផ្តោតលើទិដ្ឋភាពគោលនយោបាយ និងកាលានុវត្តភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលមានការចូលរួមពីបណ្តាញថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរជន និងសហគ្រិនវ័យក្មេងរបស់ប្រទេសបារាំង និងប្រទេសនានានៅក្នុងតំបន់អាស៊ី។

ក្នុងឱកាសនោះ ប្រតិភូកម្ពុជា បានជំរុញផ្សព្វផ្សាយសក្តានុពលពាណិជ្ជកម្មនិងវិនិយោគរបស់កម្ពុជា ជូនដល់បណ្តាញធុរជន និងសហគ្រិនវ័យក្មេងរបស់ប្រទេសបារាំង និងអាស៊ី ព្រមទាំងបានលើកឡើងអំពីការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មក្នុងការធ្វើពិពិធកម្មទីផ្សារ និងបង្កើនភាពប្រកួតប្រជែង ការពង្រីកមូលដ្ឋានផលិតកម្ម ការតភ្ជាប់ខ្សែច្រវាក់តម្លៃនិងផ្គត់ផ្គង់សកល ព្រមទាំងការបង្កើនភាពទាក់ទាញវិនិយោគក្នុងឧស្សាហកម្មថ្មីៗ ដែលជាមូលដ្ឋាននៃការគាំទ្រកំណើនប្រកបដោយចីរភាពនិងភាពធន់។
សូមជម្រាបដែរថា គិតត្រឹមមួយខែឧសភា ឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ត្រូវបានកម្ពុជា សម្រេចចុះបញ្ជីនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ៕ អត្ថបទ៖ហ្សាលីន


