សហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តសៀមរាប ទទួលបានផ្ទះសំណាញ់ចំនួន៨៩ខ្នង

សង្គម​ និង​សេដ្ឋកិច្ច

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គុជ» បានប្រគល់ និងទទួលផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តសៀមរាប នៅសហគមន៍​កសិកម្មទំនើបសសី ក្នុងខេត្តសៀមរាប។កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា ការផ្តល់ផ្ទះសំណាញ់នេះ គឺជាការគាំទ្រដ៏សំខាន់ក្នុងការជំរុញផលិតកម្មបន្លែសុវត្ថិភាព បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពកសិករ។ ឯកឧត្តមបានណែនាំឱ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ផ្ទះសំណាញ់ឱ្យមានប្រសិទ្ធភាព អនុវត្តបច្ចេកទេសដាំដុះល្អ និងពង្រឹងសាមគ្គីភាព ដើម្បីធានានិរន្តរភាពផលិតកម្ម។

លោកក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តសៀមរាបក្នុងការផលិតបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ជាពិសេសវិស័យទេសចរណ៍ ដោយជំរុញឱ្យសហគមន៍ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចសហការដើម្បីលើកកម្ពស់គុណភាពផលិតផល និងបង្កើតឱកាសសេដ្ឋកិច្ចជូនប្រជាកសិករ។

សូមជម្រាបថា ការគាំទ្រនេះជាផ្នែកមួយនៃគម្រោង PEARL ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង និងអនុវត្តដោយក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអង្គការ FAO នៅខេត្តគោលដៅចំនួន៤ គឺកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ក្នុងគោលបំណងពង្រឹងភាពធន់នៃវិស័យកសិកម្ម និងជំរុញការអភិវឌ្ឍផលិតកម្មបន្លែសុវត្ថិភាព៕