តុលាការនៅទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចហាមឃាត់ក្រុមហ៊ុនផលិតរថយន្តចិន BYD មិនឱ្យនាំចូល ផលិត ចែកចាយ និងលក់រថយន្តប្រភេទ SUV ម៉ូដែល Ti7 នៅក្នុងទីផ្សារសហភាពអឺរ៉ុប បន្ទាប់ពីរកឃើញថា រថយន្តម៉ូដែលនេះបានរំលោភលើសិទ្ធិកម្មសិទ្ធិបញ្ញាផ្នែករចនារបស់ក្រុមហ៊ុន Jaguar Land Rover (JLR)។

សេចក្តីសម្រេចនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុន JLR បានដាក់ពាក្យប្តឹង ដោយចោទប្រកាន់ថា រថយន្ត BYD ម៉ូដែល Ti7 មានលក្ខណៈរចនាស្រដៀងនឹងរថយន្ត Land Rover Defender ខ្លាំងពេក និងបានរំលោភលើសិទ្ធិរចនាផលិតផលដែលក្រុមហ៊ុនខ្លួនទទួលបានការការពារនៅសហភាពអឺរ៉ុប។
មិនតែប៉ុណ្ណោះ តុលាការក៏បានបញ្ជាក់ទៀតថា ធាតុផ្សំសំខាន់ៗនៃការរចនារថយន្ត Land Rover Defender ដូចជា រូបរាងតួរថយន្តរាងជ្រុង ស្មាតួរថយន្ត រាងរបាំងកង់ បង្អួចចំហៀង និងសមាមាត្ររួមនៃតួរថយន្ត ត្រូវបានបង្ហាញស្រដៀងគ្នាយ៉ាងខ្លាំងនៅលើរថយន្ត BYD Ti7។ ដូច្នេះ ភាពខុសគ្នានៃការរចនារវាងរថយន្តទាំងពីរមិនគ្រប់គ្រាន់ដើម្បីបង្កើតចំណាប់អារម្មណ៍រួមខុសគ្នានោះទេ។
គួរឲ្យដឹងថាសេចក្តីសម្រេចហាមឃាត់នេះនឹងចូលជាធរមានមួយសប្តាហ៍បន្ទាប់ពីថ្ងៃចេញសាលក្រម ហើយនឹងបន្តអនុវត្តរហូតដល់មានការដោះស្រាយសំណុំរឿងកម្មសិទ្ធិបញ្ញានេះ។ ការហាមឃាត់ក៏គ្របដណ្តប់លើការផលិតរថយន្តម៉ូដែលនេះនៅរោងចក្រថ្មីរបស់ BYD ក្នុងប្រទេសហុងគ្រីផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា ការសម្រេចនេះមិនរាប់បញ្ចូលសកម្មភាពរបស់ BYD នៅក្នុងចក្រភពអង់គ្លេសឡើយ ដោយសារតុលាការហូឡង់មិនមានដែនសមត្ថកិច្ចលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD នៅក្នុងប្រទេសនេះនោះឡើយ៕

