មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បានសន្យាផ្តល់ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស SpaceX ចំនួន ២ ហ៊ុន ដល់កុមារគ្រប់រូបនៅសហរដ្ឋអាមេរិក ដោយភាគហ៊ុនមួយហ៊ុនផ្តល់ដោយក្រុមហ៊ុន SpaceX និងមួយហ៊ុនទៀតជាអំណោយផ្ទាល់ខ្លួនរបស់លោក។ ការសន្យានេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃសរុបជិត ១៨ពាន់លានដុល្លារ។

ជុំវិញការប្រកាសនេះធ្វើឡើងតាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា បន្ទាប់ពីក្រុមហ៊ុន SpaceX បានប្រកាសថា ខ្លួននឹងផ្តល់ភាគហ៊ុនប្រភេទ Class A Common Stock ដែលទើបបង្កើតថ្មីចំនួនមួយហ៊ុន ដល់គណនី Trump Accounts ដែលកំពុងដំណើរការទាំងអស់។ លោក Musk ក៏បានបញ្ជាក់ថា លោកនឹងផ្តល់ភាគហ៊ុនផ្ទាល់ខ្លួនចំនួនស្មើគ្នា ដើម្បីបំពេញតាមការសន្យានេះផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ការផ្តល់ភាគហ៊ុននេះអាចគ្របដណ្តប់លើកុមារអាមេរិកប្រមាណ ៧២ លាននាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ។ ដោយផ្អែកលើតម្លៃបិទជួញដូរភាគហ៊ុន SpaceX ចំនួន ១២៧,៤៤ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃពុធ ការផ្តល់ភាគហ៊ុនចំនួន ២ ហ៊ុនដល់កុមារគ្រប់រូបរបស់អាមេរិកនេះ អាចមានតម្លៃសរុបប្រមាណ ១៨,៣៥ពាន់លានដុល្លារ។
គួរជម្រាបជូនថា គម្រោងនេះពាក់ព័ន្ធនឹងកម្មវិធី Trump Accounts ដែលជាគណនីវិនិយោគមានអត្ថប្រយោជន៍ផ្នែកពន្ធរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងជួយឱ្យកុមារអាមេរិកចាប់ផ្តើមសន្សំប្រាក់ និងកសាងទ្រព្យសម្បត្តិតាមរយៈការវិនិយោគក្នុងទីផ្សារភាគហ៊ុនតាំងពីវ័យក្មេង។ យោងតាមសេតវិមាន គណនីប្រភេទនេះត្រូវបានបើកជិត ៧០ លានគណនីរួចមកហើយ៕

