សហភាពអឺរ៉ុប និងចិន ចេញមុខប្រឆាំងទៅនឹងការដាក់ពន្ធគយថ្មីរបស់រដ្ឋបាលលោក ត្រាំ

អន្តរជាតិ

សហភាពអឺរ៉ុប ជប៉ុន និងចិនបានចេញមុខប្រឆាំងនឹងការដាក់ពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយអះអាងថាការដាក់ពន្ធទាំងនេះគឺគ្មានមូលដ្ឋាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសជាច្រើន បាននាំចេញគ្នាប្រឆាំងនឹងការដាក់ពន្ធ ១០% និង ១២,៥% ​​ដែលដាក់ដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយអះអាងថាដៃគូពាណិជ្ជកម្មទាំងនេះ មិនបានរារាំងលំហូរនៃផលិតផលដែលផលិតដោយការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះឡើយ។

ទន្ទឹមនឹងនេះ ថ្លែងនៅលើ Channel News Asia លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានអះអាងថា បើប្រៀបធៀបទៅនឹងគោលនយោបាយការងាររបស់សហរដ្ឋអាមេរិក កម្មករសហភាពអឺរ៉ុបទទួលបានការឈប់សម្រាកដែលមានប្រាក់ឈ្នួល និងលក្ខខណ្ឌការងារល្អណាស់។ លោកស្រីបានបន្តទៀតថាការដាក់ពន្ធគយថ្មីរបស់អាមេរិកនេះ គឺគ្មានមូលដ្ឋាននោះឡើយ។

ទន្ទឹមនឹងនេះ ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ក៏បានចេញមុខប្រឆាំងនឹងការដាក់ពន្ធគយឯកតោភាគីនេះផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសង្កត់ធ្ងន់ថា សង្គ្រាមពន្ធគយ និងពាណិជ្ជកម្មមិនបម្រើផលប្រយោជន៍របស់ភាគីណាមួយឡើយ។

គួរជម្រាបជូនថា ពន្ធថ្មីនេះត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិកនៅដើមខែមិថុនា បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងយូរលើគោលនយោបាយរបស់ដៃគូពាណិជ្ជកម្មរបស់ខ្លួនក្នុងការទប់ស្កាត់ការចរាចរផលិតផលដែលផលិតដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ៕​