រាជរដ្ឋាភិបាលជប៉ុន បានប្តេជ្ញាបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានជាមួយកម្ពុជា ជដម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើលើកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមជំនួបពិភាក្សារវាង លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយ លោក ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា លោក ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ពិសេសកិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន បានគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការជំរុញការវិនិយោគបៃតង និងរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបន្ថែមថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែ ជួយពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជួយកម្ពុជា សម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។


ជាការឆ្លើយតប លោកឯកអគ្គរាជទូត ISHIZUKI Hideo បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ជាពិសេសការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោកក៏បានបញ្ជាក់ជាថ្មី នូវជំហររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ និងទទួលបានផ្លែផ្កាបន្ថែមទៀត នាពេលអនាគត។
សូមជម្រាបដែរថា ជំនួបខាងលើនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើកការគ្រប់គ្រងសំណល់ប្លាស្ទិក ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងយន្តការឥណទានកាបូនរួមគ្នា៕ អត្ថបទ៖ហ្សាលីន

