វឌ្ឍនភាពថ្មី! កម្ពុជា-ថៃ បង្កើតក្រុមការងារបច្ចេកទេសចម្រុះ ជំរុញដំណោះស្រាយព្រំដែនសមុទ្រដោយយុត្តិធម៌

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងថៃ បានឯកភាពបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសទាក់ទងនឹងការកំណត់ព្រំដែនសមុទ្រដោយយុត្តិធម៌ និងសន្តិវិធី នៅក្នុងសម័យប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល (Agent) បានផ្តល់ព័ត៌មានបច្ចេកទេស ពន្យល់លម្អិតអំពីជំហររបស់កម្ពុជា ព្រមទាំងបានស្វាគមន៍លើការចុះពិនិត្យទីតាំងជាក់ស្តែង និងពិភាក្សាលើទិដ្ឋភាពបច្ចេកទេសនៃការចុះពិនិត្យទីតាំងពាក់ព័ន្ធ ដើម្បីគាំទ្រដល់ដំណើរការសម្របសម្រួលរបស់គណៈកម្មការផ្សះផ្សារ។

ក្រុមការងារបច្ចេកទេសចម្រុះដែលទើបបង្កើតនេះ មានសមាសភាពជាអ្នកជំនាញបច្ចេកទេសមកពីភាគីទាំងសងខាង និងសមាជិកគណៈកម្មការ ដោយភាគីទាំងពីរបានឯកភាពលើលក្ខខណ្ឌកំណត់ ដែលរៀបចំក្រោមការសម្របសម្រួលរបស់គណៈកម្មការ ដើម្បីយកមកអនុវត្តសម្រាប់ការកំណត់ព្រំដែនសមុទ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សារ តុលាការអន្តរត្តកម្មអចិន្ត្រៃយ៍ រដ្ឋាភិបាលម៉ាឡេស៊ី និងមជ្ឈមណ្ឌលអន្តរត្តកម្មអន្តរជាតិអាស៊ី (AIAC) ចំពោះការគាំទ្រ និងការរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ នឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ច ដោយចាត់ទុកវឌ្ឍនភាពនេះជាជំហានទៅមុខមួយសម្រាប់ប្រទេសទាំងពីរ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមដំណើរការផ្សះផ្សារប្រកបដោយស្មារតីស្ថាបនា សុច្ឆន្ទៈ និងផ្អែកលើច្បាប់អន្តរជាតិ និង UNCLOS ដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍ជាតិ សន្តិភាព និងវិបុលភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕