កម្ពុជា និងថៃ បានសម្រេចវឌ្ឍនភាពបច្ចេកទេស និងឯកភាពឱ្យគណៈកម្មការផ្សះផ្សារចុះពិនិត្យទីតាំងពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ នៅក្នុងសម័យប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការអន្តរត្តកម្មអចិន្ត្រៃយ៍ (PCA) ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានបង្កើតក្រុមការងារបច្ចេកទេសរួម ដែលមានអ្នកជំនាញពីភាគីនីមួយៗ និងសមាជិកគណៈកម្មការ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ និងបានឈានដល់ការយោគយល់រួមលើសំណុំលក្ខខណ្ឌកំណត់ (parameters) សម្រាប់ការកំណត់ព្រំដែនសមុទ្រ ព្រមទាំងបានឯកភាពឱ្យគណៈកម្មការចុះពិនិត្យកោះ និងលក្ខណៈភូមិសាស្ត្រនៅតាមឆ្នេរនៃប្រទេសទាំងពីរ និងពិភាក្សាអំពីទិដ្ឋភាពជាក់ស្តែងនៃដំណើរទស្សនកិច្ចនោះ។
លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ បានសាទរចំពោះវឌ្ឍនភាពនៅទីក្រុងគូឡាឡាំពួរ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តដំណើរការផ្សះផ្សារប្រកបដោយស្មារតីស្ថាបនា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងតំបន់ ខណៈដែលភាគីទាំងពីរ និងគណៈកម្មការ នឹងបន្តកិច្ចប្រជុំបន្ទាប់ទៀត ក្រោយដំណើរទស្សនកិច្ចរបស់គណៈកម្មការទៅកាន់រដ្ឋនីមួយៗ៕



