កម្ពុជាត្រៀមចាកចេញពីក្រុមប្រទេស LDC នៅឆ្នាំ២០២៩ ក្រោយបំពេញលក្ខខណ្ឌវាយតម្លៃរបស់ UN

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ បន្ទាប់ពីការវាយតម្លៃពីរលើកកន្លងមកបង្ហាញថា កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យ ដើម្បីឈានទៅរកការពង្រឹងភាពធន់ និងការប្រកួតប្រជែងស្មើភាពក្នុងឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន បូណា បានឱ្យដឹងថា លោកស្រី Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍតិចតួច ធ្លាប់បានគូសបញ្ជាក់ពីភាពគ្រប់គ្រាន់របស់កម្ពុជាក្នុងដំណើរការចាកចេញពី LDC នៅឆ្នាំ២០២៩ ព្រមទាំងប្តេជ្ញាបង្កើតក្រុមការងារចំពោះកិច្ចគាំទ្រកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីអភិវឌ្ឍមូលធនមនុស្ស អប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ ហិរញ្ញវត្ថុ និងភាពជាដៃគូជាមួយវិស័យឯកជន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានរំលឹកពីការតស៊ូ និងការដឹកនាំរបស់ថ្នាក់ដឹកនាំរៀមច្បង ពិសេសសម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ និងការបន្តថែរក្សាអភិវឌ្ឍរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសង្កត់ធ្ងន់ថា ការចាកចេញពី LDC នៅឆ្នាំ២០២៩ គឺជាជំហាននៃការទទួលខុសត្រូវខ្ពស់ និងការខិតខំប្រឹងប្រែងបន្តទៀតដើម្បីអនាគតកម្ពុជា៕