លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ កំណើនសេដ្ឋកិច្ចកម្ពុជា គឺជាកំណើនសេដ្ឋកិច្ចដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ានក្នុងឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

កាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជារក្សាបានក្នុងអត្រា ៥,៦% ខណៈដែលឆ្នាំ ២០២២សេដ្ឋកិច្ចមានកំណើនក្នុងអត្រាប្រមាណ ៥,៤%។ តាមច្បាប់ថវិកាឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវពឹងផ្អែកទៅលើវិស័យមួយចំនួនដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន បរទេសបានមើលឃើញថា កម្ពុជានឹងក្លាយជាដៃគូពាណិជ្ជកម្មអន្តរជាតិ ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅក្នុងប្រទេសអំណោយផល។ នេះបើតាមលោកលើកឡើងក្នុងសន្និសីទសារព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចនៅបារាំង និងស្វីសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែងថា៖ «កម្ពុជាពិតមែនជាប្រទេស ត្រូវការជំនួយបរទេសនៅឡើយ ក៏ប៉ុន្ដែកម្ពុជាកំពុងតែក្លាយទៅជាទីតាំងមួយ នៃការវិនិយោគរកស៊ី […] កម្ពុជានឹងក្លាយទៅជាដៃគូពាណិជ្ជកម្ម ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅ ក្នុងប្រទេសអំណោយផល។ ជនជាតិបរទេសដែលចូលកម្ពុជា ដោយអ្នកខ្លះមកកម្ពុជា កាលពី១០ឆ្នាំមុន និងមកដល់ពេលនាពេលបច្ចុប្បន្ន គឺមានការភ្ញាក់ផ្អើល ដោយឃើញកម្ពុជា មានការរីកលូតលាស់លឿនរហ័ស»។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា គឺជាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ាន នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។ លោកបន្តថា កម្ពុជា មិនមែនជាប្រទេសដែលហែកហួរដោយសង្គ្រាមទៀតនោះទេ ហើយកម្ពុជា ក៏មិនមែនជាប្រទេសក្ររហាម ដូចការចាកចេញពីសម័យខ្មែរ ក្រហមភ្លាមៗនោះដែរ។

សូមជម្រាបជូនថា សម្រាប់ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបាននូវអត្រាកំណើនក្នុង រង្វង់ ៦,៦% ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាបានតុល្យភាព។ នេះបើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤-២០២៦។

របាយការណ៍ដដែលបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានគាំទ្រដោយ៖ (១)-វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ដែលគាំទ្រដោយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ, (២)-វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨,៥% ដែលទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្ត សាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិកូវីដ-១៩ និង (៣)-វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៦,៩% ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ក្នុងខណៈដែលអនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានៅបន្តសម្រេចបាន កំណើនទាបជាងនិន្នាការធម្មតា។

ក្នុងទិសដៅបន្តកសាងភាពធន់សង្គម-សេដ្ឋកិច្ចឆ្លើយតបនឹង វិបត្តិដែលអាចកើតមាន រាជរដ្ឋាភិបាលនឹងបន្តជំរុញការស្តារ និងពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច ឱ្យរស់រវើក និង ត្រឡប់ទៅកំណើនសក្តានុពល, ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង និងកសាងភាពធន់ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់៕