ឧកញ៉ា កែវ មុំ ចុះហត្ថលេខាជំរុញវិនិយោគិន និងពាណិជ្ជកម្មទ្វេភាគី ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប

សង្គម​និង​សេដ្ឋកិច្ច

សមាគមសហគ្រិនស្ត្រី-កម្ពុជា ហៅកាត់ CWEA និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ហៅកាត់ EUROCHAM បានចុះអនុស្សរណៈយោគយល់គ្នា នៅព្រឹកថ្ងៃចន្ទ ទី២២ សីហានេះ ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត ដើម្បីជំរុញវិនិយោគិន ផលិតផល និងពាណិជ្ជកម្មទ្វេភាគី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា កែវ មុំ សមាគមសហគ្រិនស្ត្រី-កម្ពុជា ថ្លែងប្រាប់ឧកញ៉ាញូស៍ថា ការចាប់ដៃគ្នា MOU នេះដើម្បីប្តេជ្ញាចិត្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាពសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាការជំរុញវិនិយោគិន និងពាណិជ្ជកម្មទៅវិញទៅមក។

បើតាមលោកជំទាវឧកញ៉ា សមាគមសហគ្រិនស្ត្រី-កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងធ្វើការរួមគ្នាបង្កើតកម្មវិធីរៀបចំសិក្ខាសាលា ពាក់ព័ន្ធនឹងសហគ្រិន និងធ្វើពិពណ៌ពាណិជ្ជកម្ម ខណៈដែលសភាពាណិជ្ជកម្មអឺរ៉ុបកន្លងមកតែងតែនាំមកនូវពាណិជ្ជករ អ្នកវិនិយោគបរទេសបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ គឺចង់សម្ព័ន្ធមេត្រីភាពផ្លាស់ប្តូរទស្សនៈ និងគំនិតអាជីវកម្ម បទពិសោធទៅវិញទៅមក ក្នុងគោលបំណងជំរុញការលក់ផលិតផលឲ្យកាន់តែធំទូលាយជាងមុន។ លោកជំទាវឧកញ៉ា កែវ មុំ បន្ថែម។

លើសពីនេះ ការចុះ MOU នេះ សម្រាប់ការសហការថ្មីទៅលើការអភិវឌ្ឍន៍អាជីវកម្ម ការពង្រីកទីផ្សារ ការយល់ដឹងអំពីបញ្ហាទាក់ទងនឹងការសម្របសម្រួលពាណិជ្ជកម្ម និងគោលនយោបាយពាណិជ្ជកម្មដែលនឹងរួមចំណែកដល់ការចាប់ផ្តើមអាជីវកម្មក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យមដែលកំពុងស្វែងរកការនាំចេញផងដែរ។

លោកជំទាវឧកញ៉ា កែវ មុំ បន្ថែមទៀតថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងបេសកកម្មរបស់សមាគមទាំងពីរ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ សំខាន់ជាងនេះទៅទៀត នេះរួមចំណែកដល់ឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានប្រមាណ ៦៥% បង្កើតឡើងដោយស្រ្តី និង ៩៩% ត្រូវបានគ្រប់គ្រងដោយស្ត្រី៕