លោក ម៉ឹង សំផន ស្នើឲ្យយកចិត្តទុកដាក់ការកើនឡើងនូវចំនួនទ័ព ក្របខណ្ឌ ដើម្បីកុំឲ្យការចំណាយថវិកាឡើងប៉ោងខ្ពស់

សង្គម​និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានស្នើសុំដល់នាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់កំណត់ចំនួនទ័ព និងឋានន្តរសក្តិរបស់យោធិនឲ្យបានត្រឹមត្រូវ ហើយធ្វើកិច្ចសហការឲ្យបានល្អជាមួយនឹងនាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីងាយស្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុ។ លោក ម៉ឹង សំផន ថ្លែងដូច្នេះក្នុងកិច្ចប្រជុំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ម៉ឹង សំផន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការកើនឡើងនូវចំនួនទ័ព ក្របខណ្ឌ និងរចនាសម្ព័ន្ធឲ្យច្បាស់លាស់ ដើម្បីកុំឲ្យការចំណាយថវិកាឡើងប៉ោងខ្ពស់ហួសថវិកាចំណាយប្រចាំឆ្នាំផងដែរ។

ទន្ទឹមនឹងនេះ គ្រប់បណ្តាអង្គភាពប្រភេទទ័ព និងទ័ពជំនាញ ត្រូវចេះថែទាំ និងមានការសន្សំសំចៃឲ្យបានខ្ពស់ នៅក្នុងបរិបទដែលប្រទេសជាតិ និងសាកលលោក កំពុងជួបវិបត្តិជម្ងឺរាតត្បាត និងមានសង្គ្រាមផងនោះ។

លើសពីនេះលោកបានគូសបញ្ជាក់ថា ដោយសារបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩ និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានជះឥទ្ធិពលផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និយាយជារួម និងនិយាយដោយឡែក បានប៉ះបាល់ដល់ការងារធានាកងទ័ពនៃ ខ.ភ.ម ផងដែរ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា ការទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាមានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលបានរៀបចំបង្កើតឡើង ដើម្បីគ្រប់គ្រងថវិកាមានលក្ខណៈកាន់តែងាយស្រួល កែទម្រង់ឆាប់រហ័ស និងស៊ីជម្រៅទៅលើថវិកានៃបណ្តាអង្គភាពប្រភេទទ័ព និងទ័ពជំនាញ៕