ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការរំពឹងទុកថា វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ នឹងក្លាយជាឱកាសពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគថ្មីៗ មកកាន់កម្ពុជាបន្ថែមទៀត។ សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងពេលអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។


វេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ រៀបចំឡើងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា ដោយមានអ្នកចូលរួម សុទ្ធសឹងជាអ្នកធ្វើធុរកិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងបណ្តាប្រទេសនៅអឺរ៉ុប សរុបប្រមាណជាង ១.៥០០ នាក់។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វេទិកានេះនឹងក្លាយជាឱកាសជួបជុំស្វែងរកការវិនិយោគថ្មីៗ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញបរិយាកាសវិនិយោគដែលបើកចំហ មានភាពទាក់ទាញ និងឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព។

ជាមួយគ្នានេះ សម្តេចធិបតី ក៏រំពឹងដែរថា តាមរយៈវេទិការនេះ ក៏នឹងចូលរួមចំណែកបង្កើតលទ្ធផលជាក់ស្តែង តាមរយៈការជំរុញឱ្យមានគម្រោងវិនិយោគថ្មីៗ ការពង្រឹងភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ ព្រមទាំងការបង្កើតឱកាសអាជីវកម្ម និងកាលានុវត្តភាពរយៈពេលវែង សម្រាប់សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីការអនុវត្តសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ, ពីសេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចមានពិពិធកម្មធំទូលាយ និង ពីប្រទេសមានទំនាក់ទំនងតិចតួចជាមួយសហគម៍អន្តរជាតិ គួបផ្សំជាមួយការហ៊ុមព័ន្ធសេដ្ឋកិច្ច ទៅជាប្រទេសមានសមាហរណកម្មពេញលេញក្នុងកិច្ចការ តំបន់ និងសកល៕ អត្ថបទ៖ហ្សាលីន


