ក្រុមហ៊ុន PICG ឧបត្ថម្ភថវិកា ២០០០ដុល្លារ និង ៥០០ដុល្លារក្នុងមួយខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុងជួបការខ្វះខាត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានម៉ាកសៃលុន (Sailun) និងប្រេងរំអិល ប៉េត្រូណាស់ នៅកម្ពុជា បានប្រកាសជួយឧបត្ថម្ភថវិកាប្រមាណ ២០០០ ដុល្លារអាមេរិក និងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកជារៀលរាល់ខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុងជួបការខ្វះខាត ឱ្យអាចបន្តដំណើរការទៅមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG បានឱ្យដឹងថា ដោយទទួលបានព័ត៌មានកន្លងមកថា សាលាដូង មានការខ្វះខាតក្នុងការទ្រទ្រង់សាលាឱ្យបន្តដំណើរទៅមុខទៀត ក្រុមហ៊ុន PICG ដែលទទួលសិទ្ធិចែកចាយផ្តាច់មុខសំបកកង់ឡានខ្មែរម៉ាក Sailun បានដកយកថវិការដែលបានពី កំលាំងគាំទ្រផលិតផលក្នុងស្រុកមួយនេះ ជូនដល់បងប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ដើម្បីយកទៅធ្វើរបងសាលាចំនួន ២០០០ដុល្លារ និងជួយទ្រទ្រង់ភាពខ្វះខាតរបស់សាលាក្នុងមួយខែ ៥០០ដុល្លារ រយៈពេលមួយឆ្នាំពេញ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG បានបន្ថែមថា បើគ្មានការគាំទ្រសំបកកង់ឡានខ្មែរ Sailun ដូចបច្ចុប្បន្ន និងកន្លងមកនោះទេ ម្ល៉េះក្រុមហ៊ុនមួយនេះមិនមានលទ្ធភាពចូលរួមជួយសង្គមជាតិមិនជិនណាយដូច្នេះឡើយ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរបន្តគាំទ្រ និងចងចាំម៉ាកយីហោរមួយនេះក្នុងបេះដូងជារៀងរហូត កុំឱ្យដូចពាក្យគេថា “ខ្មែរបានតែមួយឆាវ”។

គួររំឭកថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន PICG បានដាក់សម្ពោធសាកល្បងនូវផលិតផលក្នុងស្រុកជាសំបកកង់ឡានម៉ាក Sailun ដែលផលិតមុនគេ ធំជាងគេ ដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរមុនគេរហូតដល់ ៩៦ភាគរយ។ អ្វីដែលមិនគួរអោយជឿ និងមិនស្មានដល់នោះគ្រាន់តែមួយយប់មានការបញ្ជាទិញរហូតដល់ជាង ១ មុឺនគ្រាប់ឯណោះ។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ ទោះបីក្នុងស្ថានភាពលំបាក ជាពិសេសសង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែររឹតតែសម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះ ដែលផលិតចេញពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០ភាគរយ ដែលដុះលើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ៕