គិតមកដល់ឆ្នាំ​២០២៥ កម្ពុជាមានរោងចក្រស៊ីម៉ងត៍ចំនួន៦ ក្នុងទុនវិនិយោគ​សរុបប្រមាណ ១១១ពាន់លានដុល្លារ ផ្តល់ឱកាសការងារប្រមាណ ៣,០០០កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រស៊ីម៉ងត៍ចំនួន៦ ដែលបានបោះទុនវិនិយោគ​សរុបប្រមាណ ១១១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូន​ប្រជា​ពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី, លោក កែវ រតនៈ បានលើកឡើងថា រោងរោងចក្រទាំង៦ មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបាន​ប្រែ​ក្លាយ​កម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេស​មាន​លទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់​ផ្តើម​នាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០,០០០តោន​ក្នុងឆ្នាំ២០២៤ ថែមទៀតផង។

រដ្ឋមន្រ្ដីក្រសួងរ៉ែ គូសបញ្ជាក់ថា បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុ​ម​ហ៊ុន​ចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន។

សូមបញ្ជាក់ថា រោងចក្រដែលកំពុង​ដំណើរការ​នៅកម្ពុជា រួមមាន រោងចក្រស៊ីម៉ងតិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd), រោងចក្រស៊ីម៉ងតិ៍​កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd), រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation), រោងចក្រស៊ីម៉ងតិ៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត,រោងចក្រស៊ីម៉ង​តិ៍ថៃ​ប៊ុនរ៉ុង និងរោងចក្រស៊ីម៉ងតិ៍ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន៕