អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចាក់សាច់ប្រាក់ជាង ៦០លានដុល្លារ ក្នុងការរៀបចំតំបន់ទេសចរណ៍កោះស្តេច​បែបសហគមន៍ និងទាន់សម័យ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានបង្ហើបឱ្យដឹងថា លោកបានចំណាយថវិកា​ប្រមាណ​ជាង ៦០លានដុល្លារ ក្នុងការរៀបចំតំបន់ទេសចរណ៍កោះស្តេច​បែបសហគមន៍ និងទាន់សម័យ​ ប្រកបដោយអនាម័យ សុវត្ថិភាព ផាសុខភាព ជាមួយនឹងកំពង់ផែត្រឹមត្រូវ មានចំណតរថយន្តរាប់រយគ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាបណ្ឌិត បានបង្ហោះសារភ្ជាប់ជាមួយវីដេអូឃ្លីប នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បែបនេះថា៖ “ក្រោយពីចាក់សាច់ប្រាក់ ជាង ៦០លានដុល្លារ ក្នុងការរៀបចំតំបន់ទេសចរណ៍​កោះស្តេចបែបសហគមន៍ និងទាន់សម័យប្រកបដោយអនាម័យ សុវត្ថិភាព ផាសុខភាព ជាមួយកំពង់ផែត្រឹមត្រូវ ចំណតរថយន្តរាប់រយគ្រឿង បានត្រៀមរួចជាស្រេច តំបន់លក់ដូរសហគមន៍ ប្រព័ន្ធទឹកស្អាត រីស៊តចាប់ពី​លំដាប់ទាប ដល់ផ្កាយប្រាំ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពេញលេញ”។

អ្នកឧកញ៉ាអគ្គនាយក បានបន្ថែមថាកត្តាទាំងនេះជាហេតុផលចម្បងដែលធ្វើអោយតំបន់កោះស្តេច ក្លាយជា​គោលដៅទេសចរណ៍ដ៏ពេញនិយម នាំមកនូវកំណើនសេដ្ឋកិច្ចប្រជាជនក្នុងតំបន់កោះស្តេចគ្រប់ៗគ្នា ដោយ​ប្រែក្លាយ​ពីកោះដាច់ស្រយាល កោះនេសាទ ក្លាយជាតំបន់កោះទេសចរណ៍។

សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ជាសហគ្រិនឆ្នើមមួយរូបរបស់កម្ពុជា ដែលបានវិនិយោគលើរីស៊តជាង ១០កន្លែងនៅតាមបណ្តាខេត្តមួយចំនួន ពិសេសគឺនៅខេត្តកោះកុង។ សម្រាប់នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង អ្នកឧកញ៉ាមានរីស៊តល្បីៗដូចជា កោះស្តេចរីស៊ត(Koh Sdach Resort), កោះអភិជនរីស៊ត(Koh Apikjun Resort), រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ(Royal Beach Resort & Residence) និងម៉េតម័ងឃី រីស៊ត(Mad Monkey Resort) ផងដែរ៕

សូមចុចទស្សនាវីដេអូ