CDC ជំរុញចិនឱ្យ​ជួយទាក់ទាញការវិនិយោគបង្កើតមូលដ្ឋានផលិតកម្មដើម្បីផលិតវត្ថុធាតុដើមនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញគណៈប្រតិភូសមាគម Shanghai International Cooperation Association of Small and Medium Enterprises មកពីទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ឱ្យជួយទាក់ទាញការវិនិយោគបង្កើតមូលដ្ឋានផលិតកម្មដើម្បីផលិតវត្ថុធាតុដើមនៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ឈាន ជិនហ័រ (Qian Zhenhua) ប្រធានសមាគមចិន កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ជា វុទ្ធី បានស្នើឱ្យសមាគមជួយជំរុញទាក់ទាញការវិនិយោគបង្កើតមូលដ្ឋានផលិតកម្មដើម្បីផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជាការកែច្នៃជ័រកៅស៊ូ ស្វាយចន្ទី ដំទ្បូងមី ស្រូវអង្ករ និងឈើដាំ។

ជាមួយគ្នានេះ​ លោក ឈាន ជិនហ័រ ប្រធានសមាគមចិន បានឱ្យដឹងថា ការអញ្ជើញមកទស្សនកិច្ចសិក្សានៅកម្ពុជានាពេលនេះសុទ្ធសឹងតែជាក្រុមហ៊ុនធំៗដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យចម្រុះដូចជា សំណង់និងហេដ្ឋារចនាសម្ព័ន្ធ វាយនភណ្ឌ បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាការពារបរិស្ថាន បច្ចេកវិទ្យាឌីជីថល ឧបករណ៍វេជ្ជសាស្ត្រ ភស្តុភារកម្ម សេវាកម្មវិនិយោគនិងហិរញ្ញវត្ថុ។ល។ លោកសង្ឃឹមថា តាមរយៈជំនួបពិភាក្សានេះ គណៈប្រតិភូនឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងជំរុញការកៀរគរវិនិយោគិនពីទីក្រុងសៀងហៃឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ CDC បានជម្រាបពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញការវិនិយោគកែច្នៃស្វាយចន្ទី តាមរយៈការផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដោយផ្តល់នូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេសលើសពីច្បាប់វិនិយោគ ក៏ដូចជាការសម្របសម្រួលផ្តល់ឥណទាន៕ អត្ថបទ៖ហ្សាលីន