ពន្ធគយថ្មីរបស់លោក ត្រាំ អាចប៉ះពាល់ដល់ការនាំចេញរបស់សិង្ហបុរី មានតម្លៃដល់ជាង ៧ពាន់លានដុល្លារ

អន្តរជាតិ

ការស្នើដំឡើងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក អាចធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់ប្រទេសសិង្ហបុរី ទៅកាន់ទីផ្សារអាមេរិក ដែលមានតម្លៃសរុបប្រមាណ ៩,៤ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង ៧,៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់លោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Gan បានឱ្យដឹងថា ពន្ធគយដែលអាមេរិកស្នើដាក់ក្នុងកម្រិតអតិបរមា ២០% អាចធ្វើឱ្យអត្រាពន្ធគយជាក់ស្តែងលើទំនិញសិង្ហបុរីកើនឡើងពី ៧,៨% ទៅ ១០,៣%។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលសិង្ហបុរីនឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយ និងកាត់បន្ថយផលប៉ះពាល់ដល់ក្រុមហ៊ុននាំចេញក្នុងស្រុក។

យ៉ាងណាមិញ ជុំវិញការស្នើដាក់ពន្ធគយនេះធ្វើឡើងបន្ទាប់ពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានស្នើកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឱ្យដាក់ពន្ធគយរហូតដល់ ២០% លើសិង្ហបុរី និងដៃគូពាណិជ្ជកម្មចំនួន ១៣ ផ្សេងទៀត។ អាមេរិកបានចោទប្រកាន់ថា ប្រទេសទាំងនេះមានសមត្ថភាពផលិត និងផ្គត់ផ្គង់ទំនិញលើសពីកម្រិតដែលគួរមានក្រោមលក្ខខណ្ឌទីផ្សារធម្មតា ដែលអាចបង្កឱ្យមានការប្រកួតប្រជែងមិនស្មើភាពក្នុងពាណិជ្ជកម្មអន្តរជាតិ។

តែទោះជាយ៉ាងណា លោក Gan បានបញ្ជាក់ថា ការចរចាជាមួយអាមេរិកអាចនាំឱ្យមានការសម្របសម្រួលលើអត្រាពន្ធគយក្នុងកម្រិតពី ១០% ទៅ ២០% ប៉ុន្តែភាគីសិង្ហបុរីក៏ត្រូវត្រៀមខ្លួនទទួលយកការសម្របសម្រួលមួយចំនួនផងដែរ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ពន្ធគយថ្មីនេះមិនទាន់ចូលជាធរមាននៅឡើយទេ ហើយត្រូវរង់ចាំដំណើរការពិគ្រោះយោបល់ជាសាធារណៈនៅខែមករា ឆ្នាំ២០២៧ ជាមុនសិន។ USTR ក៏បានបង្ហាញលទ្ធភាពពិចារណាបញ្ចុះអត្រាពន្ធមកត្រឹម ១០% ប្រសិនបើសិង្ហបុរីអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ឬដោះស្រាយកង្វល់ដែលបានលើកឡើងក្នុងរបាយការណ៍ស៊ើបអង្កេតកន្លងមក៕​