ណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឫ «Canadia Impact Fund (CIFC)» ដែលមានសហស្ថាបនិកអ្នកស្រីបណ្ឌិត ពុង ការ៉ូលីន និងលោក Thierry Tea បានវិនិយោគលើក្រុមហ៊ុន Bamnang ដែលជាក្រុមហ៊ុនធុរកិច្ចថ្មី (startup) កម្ពុជា-សិង្ហបុរី ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុននេះផ្តល់សេវាកម្មស្នាក់នៅសម្រាប់សិស្ស-និស្សិត និងផ្តល់ការគាំទ្រផ្នែកអប់រំ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយអ្នកស្រីបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ាគ្រុប និងកញ្ញា សេង រ័ត្នសេដ្ឋាមុនី សហស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Bamnang ដោយមានការចូលរួមធ្វើជាសាក្សីពីសំណាក់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

CIFC បានចូលរួមជាមួយ «Plug and Play APAC» ដែលជាវេទិកាវិនិយោគ និងនវានុវត្តន៍លំដាប់សកលលោក ក្នុងនាមជាសហវិនិយោគិននៅក្នុងក្រុមហ៊ុន Bamnang។ តាមរយៈកិច្ចសហការនេះ ពួកគេបាននាំមកនូវទុនវិនិយោគទាំងពីក្នុងស្រុក (កម្ពុជា) និងអន្តរជាតិ ដើម្បីគាំទ្រដល់កំណើនរបស់ក្រុមហ៊ុន startup នេះ ព្រមទាំងពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់សិស្ស-និស្សិតឱ្យកាន់តែទូលំទូលាយថែមទៀត។
ការគាំទ្រសិស្សក្រៅបរិយាកាសថ្នាក់រៀន
ការវិនិយោគនេះកើតឡើងបន្ទាប់ពីលោក Thierry Tea បានផ្តល់ការណែនាំ និងមើលឃើញពីសក្តានុពលរបស់ Bamnang តាំងពីដំណាក់កាលដំបូង។ វិស័យឧត្តមសិក្សានៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយចំនួននិស្សិតចុះឈ្មោះចូលរៀនបានកើនឡើងពី ២៨,០៨០ នាក់ក្នុងឆ្នាំ ២០០០ ដល់ជាង ២០០,០០០ នាក់ក្នុងឆ្នាំ ២០២១។ និស្សិតជាច្រើនបានចាកចេញពីខេត្តកំណើតរបស់ខ្លួនដើម្បីមកសិក្សា ដែលធ្វើឱ្យតម្រូវការកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងសមស្រប កាន់តែមានការកើនឡើង។ ដោយមើលឃើញពីចំណុចនេះ Canadia Impact Fund (CIFC) បានរកឃើញឱកាសមួយក្នុងការគាំទ្រដល់កញ្ញា សេង រ័ត្នសេដ្ឋាមុនី និងលោក ង៉ូវ ម៉េងហៀងក្នុងការបង្កើតដំណោះស្រាយជាក់ស្តែងមួយ សម្រាប់ទីផ្សារវិស័យអប់រំនៅកម្ពុជាដែលកំពុងរីកចម្រើន។

លោក Thierry Tea បានចែករំលែកថា៖ «បន្ទាប់ពីបានជួប និងពិភាក្សាជាមួយកញ្ញា រ័ត្នសេដ្ឋាមុនី ជាច្រើនលើក ខ្ញុំបានឃើញពីចំណង់ចំណូលចិត្ត និងការតាំងចិត្តដ៏មុតមាំរបស់គាត់ ក្នុងការកែលម្អដំណើរនៃការសិក្សារបស់និស្សិត។ គាត់យល់ច្បាស់អំពីបញ្ហាប្រឈមដែលនិស្សិតជួបប្រទះ ក្នុងការស្វែងរកកន្លែងស្នាក់នៅសមស្រប និងបរិយាកាសដែលអំណោយផលដល់ការសិក្សា។ Bamnang មានគោលបំណងដោះស្រាយបញ្ហាដែលយុវជនជួបប្រទះ ក្នុងពេលដែលពួកគេកំពុងខិតខំកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់ខ្លួន។យើងចង់គាំទ្រនិស្សិតកម្ពុជាឱ្យរីកចម្រើន និងកសាងអាជីព ហើយយើងជឿជាក់ថា យើងអាចជួយដល់ Bamnang ក្នុងបេសកកម្មរបស់ពួកគេបាន»។
ការវិនិយោគនេះគឺជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយមួយក្នុងវិស័យអប់រំ។ អ្នកស្រីបណ្ឌិត ពុង ការ៉ូលីន បានបង្កើតសាលារៀន និងសាកលវិទ្យាល័យចំនួន ៦ នៅកម្ពុជា។ លោក Thierry Tea ក៏បានវិនិយោគលើ Dichi Academy ដែលជាសាលាបណ្តុះបណ្តាលជំនាញឌីជីថល និងបច្ចេកវិទ្យាសម្រាប់អ្នកធ្វើការ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះអ្នកស្រីបណ្ឌិត ពុង ការ៉ូលីន និងលោក Thierry Tea កំពុងបង្កើតសាកលវិទ្យាល័យ «WCCI Aero Tech University» ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាកាន់តែច្រើន ក្នុងការទទួលបានការអប់រំកម្រិតឧត្តមប្រកបដោយគុណភាព លើជំនាញអាកាសចរណ៍។
បច្ចុប្បន្ន Bamnang មានទីតាំងចំនួន ៥ កន្លែង ដែលផ្តល់សេវាកម្មដល់និស្សិតប្រហែល ១៥០ នាក់ (ក្នុងនោះ ៦០% ជានិស្សិតស្ត្រី) ហើយគ្រោងនឹងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈការបើកទីតាំងទី ៦ ដែលស្ថិតនៅជិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ក្នុងរាជធានីភ្នំពេញ។ ទីតាំងថ្មីនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម HKA + Partners ដែលជាក្រុមហ៊ុនធ្លាប់បានរចនាគម្រោងល្បីៗដូចជា Brown Coffee និងបុរី ចន្ទគីរី (Borey Chankiri) ជាដើម។

តាមរយៈការគាំទ្រពី CIFC ក្រុមហ៊ុន Bamnang មានគោលបំណងពង្រីកប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន ព្រមទាំងបង្កើនភាពជាដៃគូ និងសេវាកម្មនានា ដើម្បីជួយគាំទ្រដល់និស្សិត និងយុវជនដែលកំពុងចាប់ផ្តើមអាជីពការងារ ឱ្យទទួលបានកន្លែងស្នាក់នៅដ៏សមស្រប។ កញ្ញា សេង រ័ត្នសេដ្ឋាមុនី បានចែករំលែកពីមហិច្ឆតារបស់ខ្លួនថា៖ «យើងកំពុងកសាង Bamnang ដើម្បីជួយសម្រួលដល់សិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេ ក្នុងការសម្រេចចិត្តលើបញ្ហាទីលំនៅ និងការសិក្សា ដោយមិនចាំបាច់ប្រឈមនឹងបញ្ហាទាំងនេះដោយខ្លួនឯង។ ដោយមានការគាំទ្រពី Canadia Impact Fund យើងអាចពង្រីកភាពជាដៃគូបន្ថែមទៀតនៅកម្ពុជា និងត្រៀមមូលដ្ឋានសម្រាប់ការផ្តល់សេវាកម្មដល់និស្សិតនៅក្នុងទីផ្សារអន្តរជាតិផ្សេងទៀតនាពេលអនាគត»។
សម្រាប់គោលដៅទៅថ្ងៃមុខ Bamnang មានគោលបំណងផ្តល់ជូននូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មគាំទ្រដល់និស្សិតយ៉ាងហោចណាស់ ១០.០០០ នាក់ នៅត្រឹមឆ្នាំ ២០៣០ ដោយរក្សាកម្រិតនៃការពេញចិត្តរបស់និស្សិតឱ្យបាន ៩០% ឬខ្ពស់ជាងនេះ។
ការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសបារាំង តាមរយៈវិស័យអប់រំ
បច្ចុប្បន្ននេះ ក្នុងចំណោមគម្រោងដែល CIFC វិនិយោគ រួមមានក្រុមហ៊ុនធុរកិច្ចថ្មី (startups) ក្នុងវិស័យអប់រំចំនួនពីរ គឺ Bamnang មកពីប្រទេសកម្ពុជា និង Choose and Connect មកពីប្រទេសបារាំង។
អ្នកស្រីបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប និងជាសហស្ថាបនិកនៃ CIFC បានចែករំលែកចក្ខុវិស័យរបស់លោកស្រីថា៖ «សម្រាប់សិស្សានុសិស្ស ការជ្រើសរើសសាកលវិទ្យាល័យគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតសិក្សាប៉ុណ្ណោះ។ ពួកគេក៏ត្រូវការកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងសមស្របផងដែរ។ Choose and Connect និង Bamnang ជួយបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងការឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ហើយក្រុមការងាររបស់យើងមានបំណងផ្សារភ្ជាប់ក្រុមហ៊ុនទាំងពីរនេះចូលគ្នា ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់សិស្សានុសិស្ស។»
ក្រៅពីការវិនិយោគផ្នែកហិរញ្ញវត្ថុ CIFC មានបំណងគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ Bamnang ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន ព្រមទាំងជំរុញកិច្ចសហការរវាងក្រុមហ៊ុននានាដែលខ្លួនបានវិនិយោគ ដើម្បីអភិវឌ្ឍសេវាកម្មឱ្យកាន់តែពេញលេញសម្រាប់សិស្សនិស្សិត។


