សហគ្រាសទេសចរណ៍ធំៗ និង Influencers ល្បីៗ នៅខេត្តហៃណានសាទរការលើកលែងទិដ្ឋាការដល់ប្រជាជនចិនរបស់កម្ពុជា ដោយប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យលើសពីចំនួន៣០០.០០០នាក់ដែលកំពុងមានស្រាប់។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន និងទស្សនាកម្ពុជានារដូវកាលបៃតង ជាមួយសហគ្រាសចិនធំៗ និង Influencers ល្បីៗ ប្រចាំខេត្តហៃណាន ដឹកនាំដោយលោក Sun Haigui អនុប្រធានមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ភផ្សាយ និងកីឡានៃក្រុងហៃគូ ខេត្តហៃណាន នៅទីក្រុងហៃគូ ខេត្តហៃណាន ជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សានេះ លោក Sun Haigui បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងបដិសណ្ឋារកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរចិនបានកាន់តែច្រើន។
ជាមួយគ្នានេះ សហគ្រាសទេសចរណ៍ចម្រុះដែលគ្រប់គ្រងដោយរដ្ឋ និងសហគ្រាសទេសចរណ៍ឯកជនទាំង១៥ ក៏បានគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ចូលទស្សនា និងស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ដែលត្រូវបានរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាបានកាន់តែច្រើនក្នុងរដូវកាលបៃតងដ៏ពិសេសនេះ។
សហគ្រាសទាំងអស់សន្យា នឹងប្រឹងប្រែងបន្ថែមក្នុងការនាំភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៦ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយរដូវកាលបៃតងនេះ។ គួរបញ្ជាក់ផងដែរថា សហគ្រាសទេសចរណ៍ទាំងអស់នេះ បានសហការយ៉ាងសកម្មក្នុងការនាំភ្ញៀវទេសចរចិនទៅទស្សនាកម្ពុជា បានច្រើនជាង៣០ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០១៦ មក។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិន។ លោក ក៏បានស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដ៏ទាក់ទាញរបស់កម្ពុជា រួមជាមួយការលើកលែងទិដ្ឋាការជូនប្រជាជនចិនពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខឱ្យបានទូលំទូលាយដល់ប្រជាជននៅខេត្តហៃណាន និងតំបន់ផ្សេងៗទៀតរបស់ចិនផងដែរ។
សូមជម្រាប់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង៕អត្ថបទ៖ហ្សាលីន



