តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះ រួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡា សរុប ៤០១គីឡូម៉ែត្រក្រឡា។
ប្រាសាទអង្គរ គ្រាន់តែជាផ្នែកមួយ ក្នុងចំណោមប្រាសាទជិត ១០០ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីប៉ុណ្ណោះ។
ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
តំបន់ឧទ្យានអង្គរ ត្រូវបានបែងចែកជាបីតំបន់ធំៗគឺ៖
ទី១៖ តំបន់កណ្តាល (ផ្ទៃដីសរុប ៣៥១០០ហិកតា)៖ មានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធជាដើម។
ទី២៖ តំបន់ខាងជើង (ផ្ទៃដីសរុប ២០០០ហិកតា)៖ មានប្រាសាទបន្ទាយស្រី។
ទី៣៖ តំបន់ខាងត្បូង ឬហៅថា តំបន់រលួស (ផ្ទៃដីសរុប ៣០០០ហិកតា)៖ មានប្រាសាទបាគង ព្រះគោ លលៃជាដើម។
ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ៖ ១).ប្រាសាទ ២).បរិស្ថាន និង៣).សហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន៕