វាសនារថយន្តអត់ពន្ធកាន់តែជិតដល់ឱសានវាទ គយចល័តកាន់តែកាចចុះបង្ក្រាបដល់ៗក្នុងផ្ទះ

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២២ នេះ គឺជាថ្ងៃឱសានវាទ​ចុងក្រោយបង្អស់ ដែលអគ្គនាយកដ្ឋាន​គយ ប្រកាស​អនុញ្ញាត ឱ្យម្ចាស់រថយន្តអត់ពន្ធទូទាំងប្រទេសចូល​ខ្លួន​មក​បង់ពន្ធជូនរដ្ឋជាកំហិត ខណៈដែលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងគយចល័ត និងស្ថាប័នពាក់ព័ន្ធចេញប្រតិបត្តិការចុះបង្ក្រាប និងឃាត់រថយន្តខុសច្បាប់ដូចភ្លៀងរលឹម ពោលគឺតាមចាប់តាំងពីនៅលើដងផ្លូវ ដល់ក្នុងផ្ទះតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រតិបត្តិការចុះរឹបអូសរថយន្តអត់ពន្ធខុសច្បាប់នេះ ត្រូវបានកម្លាំងគយចល័តតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេសចុះអនុវត្តន៍គ្មានយោគយល់ ដូចមុនទៀតឡើយ។ កន្លងមក រាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋាន​គយ ធ្លាប់បានជូនដំណឹងបន្ធូរបន្ថយ និងយោគយល់ខ្ពស់ម្ដងជាពីរដង ជូនដល់​ម្ចាស់យានយន្តទាំងឡាយ ដែលត្រូវ​បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល និងរថយន្តកែច្នៃកាត់តបន្លំពន្ធគយ។

ដោយឡែក ​ចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២ រហូត​ដល់​ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២២នេះ គឺជាថ្ងៃឱសាទវាទ​ចុងក្រោយ​នៃការ​អនុញ្ញាតឱ្យចូល​ខ្លួន​មក​បង់ពន្ធ ដែល​ម្ចាស់យានយន្ត ត្រូវ​បំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ​ដោយគ្មានការ​អនុគ្រោះបន្ធូរបន្ថយ​ពន្ធឡើយ។

ចំពោះករណី​ររថយន្តចង្កូតស្តាំវិញ អគ្គនាយកដ្ឋាន​គយ តម្រូវឱ្យយក​រថយន្ត​ទៅកែចង្កូតពីស្តាំមក​ឆ្វេង ឱ្យបានរួចរាល់​យ៉ាងយូរត្រឹម​ថ្ងៃទី ៣០​ខែមិថុនា ឆ្នាំ ២០២២។ ក្រោយការប្តូ​រចង្កូតហើយ ម្ចាស់​រថយន្ត​អាចទទួល​បង្កាន់​ដៃពន្ធ និងលត្តាបត្រ​រថយន្តពីមន្ត្រីគយ។

ផុតពីឱសានវាទនៃការកំណត់ខាងលើ គិតចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្ត​គ្មាន​ពន្ធដែលបង្ក្រាប​បាន នឹងត្រូវតម្រូវឱ្យ​បង់ពន្ធ និងអាកររួម​ទាំងប្រាក់​ពិន័យ​តាមច្បាប់។ ឯរថយន្តចង្កូតស្តាំ ដែលជាប្រភេទ​រថយន្តហាម​នាំចូល ក្នុងករណី​បង្ក្រាប​បាន នឹងត្រូវកំទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់៕