កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលំដាប់កំពូលធំៗ២ នាខេត្តព្រះសីហនុឆ្នាំ២០២៣ខាងមុខ

កម្សាន្ត

រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ បានឲ្យដឹងថា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតជាគោលការណ៍ពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

បើតាមការឲ្យដឹងពីក្រសួងទេសចរណ៍ កិច្ចប្រជុំ និងវេទិកាខាងលើនេះ គឺរៀបចំឡើងក្នុងគោលបំណងធំ”ចំនួន៤ រួមមាន៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ ២០១៦-២០២៥ ជាពិសេស ផ្តោតលើផែនការស្តារទំនាក់ទំនងឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

២. ជំរុញផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ រៀបចំទិសដៅចាប់យកទីផ្សារទេសចរណ៍ចម្បងៗសម្រាប់តំបន់ និងការរួមគ្នាដោះស្រាយបញ្ហាចំពោះមុខក្នុងការស្តារវិស័យទេសចរណ៍មហាអនុតំបន់មេគង្គឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

៣.ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូងក្នុងតំបន់ឆ្នេរសមុទ្រ (Southern Tourism Corridor)។

៤. បង្កើតនូវវេទិកាផ្លាស់ប្តូររយោបល់គ្នារវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ ដើម្បីចែករំលែកបទពិសោធន៍ល្អៗក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈវេទិការទេសចរណ៍មេគង្គ ជាពិសេសចែករំលែកពីការអនុវត្តល្អៗរបស់កម្ពុជាដែលបានបើកវិស័យទេសចរណ៍មុនគេបង្អស់នៅក្នុងតំបន់អាស៊ាន ការដាក់ឲ្យដំណើរការយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia 2023)” និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAMES and ASEAN PARA GAMES ឆ្នាំ២០២៣ ផងដែរ៕ អត្ថបទ៖ រង្សី