ចាប់តាំងពីវិបត្តិកូវីដ-១៩មក ការជួញដូរតាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិកកាន់តែពេញនិយមនៅទូទាំងប្រទេស ស្របពេលដែលចំនួនការប្រើប្រាស់ទូរស័ព្ទចល័តមាន ១៩,៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់១៨ លាននាក់ ។ នេះបើយោងតាមថ្នាក់ដឹកនាំកំពូលរបស់ធនាគារជាតិនៃកម្ពុជា។
កាលពីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ថ្មីៗនេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ដើម្បីដើរឱ្យទាន់ការវិវត្តដ៏ឆាប់រហ័សនេះប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាលំដាប់សម្រាប់ការសម្រួលដល់ការទូទាត់នៅក្នុងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពនិងឆាប់រហ័ស ។
លោកបញ្ជាក់ថា «បច្ចុប្បន្ននេះ ប្រព័ន្ធទូទាត់កម្ពុជា ជាពិសេសប្រព័ន្ធបាគងនិងខេអេចឃ្យូអរ (KHQR) បានសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកមុខមាត់នៃប្រព័ន្ធទូទាត់កម្ពុជានៅលើឆាកអន្តរជាតិចំពោះភាពច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់ ស្របពេលដែលគណនីអ៊ីវ៉ាឡេតបានកើនគួរឡើងឱ្យកត់សម្គាល់ដល់ ១៧,៩ លានគណនី »។
លោកលើកឡើងថា ការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានជំរុញជាលំដាប់ សំដៅរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស ។ កន្លងមក ធនាគារជាតិនៃកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី និងកំពុងបញ្ចប់ការតភ្ជាប់ជាមួយប្រទេសឡាវនិងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ។ អត្ថប្រយោជន៍នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់ក្នុងងអំឡុងពេលបិទខ្ទប់ ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានាតាមប្រព័ន្ធអនឡាញ និងវិធានការគាំពារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិតនិងប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ បានភ្លាមៗនិងមានតម្លាភាព ៕
អត្ថបទ៖ សារេត