លោក ស៊ុន ចាន់ថុល្ល ជំរុញឱ្យបញ្ចប់ការសិក្សាគម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងភស្ដុភារកម្មទន្លេបាសាក់

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសិក្សាប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបានលោក ស៊ុន ចាន់ថុល ជំរុញឱ្យបញ្ចប់នៅត្រឹមខែមករា ឆ្នាំ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញការងារសិក្សាគម្រោងនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីក្រុមហ៊ុនទាំងពីរយកចិត្តទុកដាក់បន្ថែមទៀតលើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនគម្រោងសិក្សានេះឱ្យបានចប់សព្វគ្រប់ និងគ្រប់ជ្រុងជ្រោយយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣។

បើតាមក្រសួងសាធារណការ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកផ្ទៃក្នុងប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិបានកាន់តែងាយស្រួលផងដែរ៕