ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD កំពុងមានគម្រោងក្នុងការសាងសង់រោងចក្រថ្មីមួយ តម្លៃ ១,២ពាន់លានដុល្លារ ដើម្បីផលិតអាគុយរថយន្តអគ្គិសនីរបស់ខ្លួន នៅកណ្តាលប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial ។
FinDreams Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំមួយរបស់ BYD មានបំណងសាងសង់រោងចក្រថ្មីមួយ ដែលអាចមានសមត្ថភាពផលិតថាមពលដល់ ៤០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ សម្រាប់អាគុយប្រភេទថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Blade Battery នៅក្នុងទីក្រុង Zhengzhou ក្នុងខេត្ត Henan ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន BYD បាននិយាយថា Blade Berttery នេះ គឺជាប្រភេទអាគុយ Lithium-iron-phosphate (LFP) ដែលមានទំហំតូច និងត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងរថយន្ត EV ។ ហើយលោក Wang Chuanfu ដែលប្រធានក្រុមហ៊ុនផលិតរថយន្ត BYD បានសង្កត់ធ្ងន់ទៀតថា អាគុយប្រភេទនេះ គឺមានសុវត្ថិភាពជាងជម្រើសផ្សេងទៀត នៅក្នុងទីផ្សារ ហើយវានឹងមិនងាយឆាបឆេះឡើយ។
ជម្រាបជូនផងដែរថា BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនដែលលក់រថយន្ត EV ដាច់បំផុត នៅក្នុងប្រទេសចិនផងដែរ ដោយកាលពីឆ្នាំ ២០២២ កន្លងទៅ ក្រុមហ៊ុនចិននេះ អាចលក់រថយន្ត EV សរុប បានចំនួន ១,៨៦ លានគ្រឿង ពោលគឺបានវ៉ាដាច់ក្រុមហ៊ុនគូប្រជែង Tesla ដែលលក់សរុបបានត្រឹម ១,៣ លានគ្រឿងប៉ុណ្ណោះ ។
ក្រុមហ៊ុនផលិតរថយន្ត EV ខ្នាតយក្សរបស់ចិន មួយនេះក៏កំពុងចាប់ផ្តើមពង្រីកទីផ្សាររថយន្តរបស់ខ្លួន ទៅកាន់ទីផ្សារសកលលោកបានយ៉ាងឆាប់រហ័សផងដែរ ដោយពួកគេ កំពុងមានវត្តមាននៅលើទីផ្សារប្រទេសជាច្រើនរួចមកហើយ ដូចជាន័រវេស អូស្ត្រាលី អង់គ្លេស ប្រេស៊ីល កូស្តារីកា អាល្លឺម៉ង់ ជប៉ុន ម៉ិកស៊ិក និងសិង្ហបុរី ខណ: BYD ក៏កំពុងបន្តស្វែងរកការបង្កើតបណ្តាញចែកចាយ នៅសហរដ្ឋអាមេរិកផងដែរ៕