លោក ត្រាំ ថាចិននឹងទិញយន្តហោះ Boeing ចំនួន ៧៥០ គ្រឿង មិនមែនត្រឹមតែ ២០០គ្រឿងទេ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិនបានយល់ព្រមទិញយន្តហោះរបស់ក្រុមហ៊ុន Boeing ចំនួន ២០០ គ្រឿង ហើយអាចបង្កើនការបញ្ជាទិញដល់ ៧៥០ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចព្រមព្រៀងនេះ រួមមានយន្តហោះប្រហែល ២០០ គ្រឿង និងការប្តេជ្ញាចិត្តក្នុងការបញ្ជាទិញរហូតដល់ ៧៥០ គ្រឿង ប្រសិនបើពួកវាដំណើរការបានល្អ ដោយយន្តហោះទាំងនេះនឹងត្រូវប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន GE Aerospace។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ដូចជាប្រភេទយន្តហោះ និងពេលវេលាដឹកជញ្ជូន មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ ពីមុន នៅថ្ងៃទី១៤ ខែឧសភា លោក ត្រាំ បានថ្លែងតែនៅលើ Fox News ថា ប្រទេសចិនបានយល់ព្រមទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង ពោលគឺជាចំនួនតិចជាង បើធៀបទៅនឹងអ្វីដែលអ្នកវិភាគលើកឡើង នៅមុនពេលមានជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ។

យោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុនប្រឹក្សាយោបល់អាកាសចរណ៍ IBA ការបញ្ជាទិញយន្តហោះចំនួន ២០០ គ្រឿងនេះ អាចមានតម្លៃប្រហែល ១៧-១៩ពាន់លានដុល្លារ ប្រសិនបើ ៨០% នៃយន្តហោះទាំងនោះជាជាម៉ូដែល 737 MAX។

គួរជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាជ័យជម្នះដ៏សំខាន់សម្រាប់លោក ត្រាំ ដោយសារតែពន្ធនាំចូលដ៏តឹងរ៉ឹង និងគោលនយោបាយពាណិជ្ជកម្មរបស់លោក បានរារាំងការធ្វើពាណិជ្ជកម្មមានទំហំធំៗជាច្រើន ជាមួយប្រទេសចិន អស់រយៈពេលជាយូរមកហើយ៕​