លោក ត្រាំ បង្កើនពន្ធគយបន្ថែមទៀតដល់ ១៥% លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធគយបន្ថែមទៀតដល់ ១៥% លើពន្ធដែលមានស្រាប់ពីគ្រប់បណ្តាលប្រទេសទាំងអស់ ពោលគឺមិនដល់មួយថ្ងៃផង បន្ទាប់ពីបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដាក់ពន្ធនាំចូលបន្ថែម ១០% នៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖” បន្ទាប់ពីបានពិនិត្យមើលឡើងវិញដោយប្រុងប្រយ័ត្ន និងហ្មត់ចត់នូវសេចក្តីសម្រេចដ៏គួរឲ្យអស់សំណើច ចំពោះការប្រឆាំងទៅនឹងពន្ធនាំចូល របស់តុលាការកំពូលមក ខ្ញុំនឹងដំឡើងពន្ធនាំចូលសកលបន្ថែមទៀតពី ១០% ទៅ ១៥% ដែលមានប្រសិទ្ធភ្លាមៗ”។

គួរឲ្យដឹងផងដែរថា ការប្រកាសនេះ បានកើតឡើង បន្ទាប់ពីលោក ត្រាំ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយដែលដាក់ពន្ធនាំចូល ១០% បន្ថែមទៀត ហើយនឹងត្រូវចូលធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ មានសុពលភាពរយៈពេល ១៥០ថ្ងៃ។ ការផ្លាស់ប្តូរនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃដដែលនោះ ដែលបានបដិសេធគោលនយោបាយពន្ធនាំចូលរបស់លោកដោយផ្អែកលើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។

ជម្រាបជូនថា នៅក្នុងខែមេសា ឆ្នាំ២០២៥ លោកត្រាំ បានអំពាវនាវឲ្យ IEEPA ដាក់ពន្ធសងសឹកលើដៃគូពាណិជ្ជកម្មភាគច្រើនរបស់លោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម។ មុននោះ លោកក៏បានប្រើប្រាស់ IEEPA ដើម្បីដាក់ពន្ធដាច់ដោយឡែកលើប្រទេសចិន កាណាដា និងម៉ិកស៊ិក ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិក៕​