ឈរជើងលើវិថីគ្រឿងសំណង់ ១២ឆ្នាំ ក្រុមហ៊ុន ហ៊ួត ជា លាតត្រដាងមហិច្ឆតាកាន់តែធំក្នុង ឆ្នាំ២០២២

ជុំវិញ​ឧកញ៉ា

ក្នុងកម្មវិធីជួបជុំជប់លៀងជាមួយតំណាងចែកចាយ អបអរសាទរខួប ១២ឆ្នាំ នៃការឈរជើងយ៉ាងរឹងមាំក្នុងពិភពជំនួញលក់សម្ភារៈសំណង់នៅកម្ពុជា ឧកញ៉ា ហ៊ួត ជា បង្ហើបពីមហិច្ឆតា និងផែនការក្នុងឆ្នាំ២០២២ ខាងមុខនេះថា គ្រោងនឹងចាប់ដៃជាមួយដៃគូជាតំណាងចែកចាយឱ្យបានដល់ចំនួន ១៥០សាខា ។ នេះបើតាមការប្រកាសឱ្យដឹងពី ឧកញ៉ា ហ៊ួត ជា ក្នុងឱកាសជួបជុំគ្រួសារតំណាងចែកចាយប្រចាំឆ្នាំ កាលពីថ្ងៃទី២១ ខែវិច្ឆិកា  នៅទឹកដីខេត្តសៀមរាប អង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងភាពជោគជ័យ ដែលមានសាខាជាតំណាងចែកចាយ សរុបបច្ចុប្បន្ន ៧០ សាខាទូទាំងប្រទេសនោះ របស់ខ្លួនទាំងអស់ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទរបស់ អ្នកជំនួញវ័យក្មេង ឧកញ៉ា ហ៊ួត ជា នៅតែបន្តដាក់គោលដៅពង្រីកសាខានៅឆ្នាំបន្ទាប់កាន់តែច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅតាមគ្រប់បណ្ដាស្រុក និងខេត្ត ទូទាំងប្រទេសកម្ពុជា។  

នៅក្នុងឱកាសបើកការជួបជុំគ្រួសារ ចុងឆ្នាំ២០២១ គម្រប់ខួប១២ឆ្នាំ ជាមួយតំណាងសាខាឆ្នើមទូទាំងប្រទេស ក៏មានការអញ្ជើញចូលរួមពីអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ផងដែរ។ ក្នុងឱកាសជួបជុំដ៏ឱឡារឹកនោះ ក៏មានកម្មវិធីចាប់ឆ្នោតផ្សងសំណាង និងការផ្ដល់រង្វាន់លើកទឹកចិត្ត ដល់តំណាងចែកចាយឆ្នើមប្រចាំឆ្នាំផងដែរ។

ក្នុងឱកាសខួប១២ឆ្នាំ ជាមួយនឹងភាពជោគជ័យ ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី ឧកញ៉ា ហ៊ួត ជា ក៏បានបង្ហាញនូវយុទ្ធសាស្រ្ត សម្រាប់ពង្រឹង ពង្រីកអាជីវកម្ម និងប្រកាសបើកគម្រោងថ្មី ក៏ដូចជាលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជាថែមទៀតផង។ ក្នុងនោះរួមមាន៖

១ ពង្រឹង branding

២ ពង្រឹងចំណងមិត្តភាពតាមសាខា

៣ ទ្រទ្រង់សមាគមជាងសំណង់

៤ ការបើកលក់គម្រោង ឃុន រាម រីសត

៥ ដំណើរកំសាន្ត បុគ្គលិក និង សាខា

គួរបញ្ជាក់ផងដែរថា ក្រៅពីបង្កើតអាជីវកម្មផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទហើយនោះ ឧកញ៉ាចិត្តធម៌ ហ៊ួត ជា ក៏ជាអ្នកផ្ដួចផ្ដើមគំនិត និងចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនបង្កើត “សមាគមជាងសំណង់កម្ពុជា” ថែមទៀតផង។

សហគមនេះ បង្កើតឡើងក្នុងគោលបំណង ជួយដល់ជាងសំណង់កម្ពុជាទាំងអស់ ដើម្បីលើកកម្ពស់ ស្វែងរកការងារ ជួយបង្រៀនចំណេះជំនាញបន្ថែមដល់ពួកគាត់ឱ្យមានអាជីពផ្នែកនេះច្បាស់លាស់ និងអាចរកដំណូលឱ្យបានកាន់តែល្អប្រសើរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងន័យនេះ សមាគមជាងសំណង់កម្ពុជា នឹងជួយជាងសំណង់ទាំងអស់ ពេលមានគ្រោះថ្នាក់ដោយយថាហេតុអំឡុងពេលបំពេញការងារ ដោះស្រាយវិវាទផ្សេងៗ ទាក់ទងនឹងការងារសំណង់ជាងដើម៕