លោក ប៊ុន ផាក៖ ខ្ញុំជាសហគ្រិនមួយរូបដែលដួលងើបៗជាច្រើនដង ហើយនៅតែកំពុងធ្វើការតស៊ូនៅឡើយ

សង្គម​និង​សេដ្ឋកិច្ច

លោក ប៊ុន ផាក ជាម្ចាស់ក្រុមហ៊ុន Camazoon ដែលប្រតិបត្តិការផ្តល់សេវាកម្មជាច្រើន ដូចជា P&G Supply សេវាកម្មបញ្ជារទិញ និងផ្គត់ផ្គង់ទំនិញពីរោងចក្រ, Phzar App បញ្ជារទិញទំនិញក្រៅស្រុក និង WERead កម្មវិធីសង្ខេបសៀវភៅជាភាសាខ្មែរជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជាសហគ្រិនវ័យក្មេងមួយរូប ដែលទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា ឆ្នាំ២០១៩ លើការដឹកនាំធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ហៅជាភាសាអង់គ្លេសថា E-Commerce​ នៅក្នុងគេហទំព័រ​ «ផ្សារ» ជា​វេទិកា​ទិញ​ទំនិញ​តាម​អនឡាញ​ ដោយ​អ្នក​ប្រើ​ប្រាស់​អាច​បញ្ជា​ទិញ​ទំនិញ​បាន​ជាង ៤០០ មុខ​ផ្សេង​គ្នា​។

លោកធ្លាប់បានលើក​ឡើង​ថា​ មានមហិច្ឆតាធំ មិនបាច់និយាយប្រាប់មនុស្សមិនពាក់ព័ន្ធទេ គេនឹងថាវាទៅមិនរួច គេនឹងសើចចំអក ហើយវាធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង ព្រោះគេមិនមែនជាយើង គេមិនអាចយល់ពីអ្វីដែលយើងចង់បាននោះទេ។

ជានិច្ចកាល លោក ប៊ុន ផាក ត្រូវបានយុវជនសម័យថ្មីចាត់ទុកថា សហគ្រិនជោគជ័យមួយរូបនៅប្រទេសកម្ពុជា ដែលពោរពេញដោយសមត្ថភាព ខណៈលោកក៏ទទួលបានការអប់រំពីបណ្តាប្រទេសអភិវឌ្ឍ ហើយបានចែករំលែកចំណេះដឹង បទពិសោធដល់យុវជននាពេលកន្លងមក។ លើសពីនេះ ក៏មានយុវជន និងអ្នកលេងបណ្តាញសង្គមហ្វេសបុកផ្តល់រហ័សនាមឲ្យលោកថា ជាគ្រូជោគជ័យ ប៉ុន្តែលោកចេញមកច្រានចោល ដោយបញ្ជាក់ថា លោកមិនធ្លាប់បង្រៀននរណាម្នាក់ពីទ្រឹស្តីជោកជ័យឡើយ។

តាមរយៈទំព័រហ្វេសបុក លោក ប៊ុន ផាក បានលើកឡើងថា៖ “ខ្ញុំមិនមែនជាគ្រូជោគជ័យទេ ព្រោះខ្ញុំមិនធ្លាប់បានបង្រៀនអ្នកណាម្នាក់ពីទ្រឹស្តីជោគជ័យ ហើយក៏មិនធ្លាប់ជោគជ័យខ្លួនឯងម្តងក្នុងជីវិតនៅឡើយទេ”

លោកបន្តថា ខ្ញុំជាសហគ្រិនមួយរូបដែលដួលងើបៗជាច្រើនដង ហើយនៅតែកំពុងធ្វើការតស៊ូនៅឡើយ។ ខ្ញុំបានបង្កើតក្រុមហ៊ុនតូចមួយដែលមានឈ្មោះថា Camazoon (www.camazoon.com) ដែលប្រតិបត្តិការលើសេវាកម្មមួយចំនួន។

សហគ្រិនរូបនេះបានគូសបញ្ជាក់ថា ទំនាក់ទំនងស្នេហាចុងក្រោយរបស់លោកជារឿងឯកជន ជាមនោសញ្ចេតនាផ្ទាល់ខ្លួនរវាងមនុស្សពីរនាក់ វាមិនបានបញ្ជាក់ថា លោកជាបុគ្គលបែបណាឡើយ តែវាសំខាន់ណាស់ដែលបងប្អូនមួយចំនួនត្រូវមើលរឿងមួយអោយបានគ្រប់ជ្រុង មុននឹងធ្វើការវិនិច្ឆ័យអ្វីមួយ។

តែយ៉ាងណា លោកក៏សូមអធ្យាស្រ័យបើសិនជាវាធ្វើអោយប៉ះពាល់អារម្មណ៍ តែលោកសូមច្រានចោលនូវការរិះគន់ខុសទំនងរបស់បុគ្គលមួយចំនួនដែលមិនធ្លាប់សូម្បីតែស្គាល់លោកបានម្តងណាឡើយ៕