សម្តេច ហ៊ុន សែន៖ បញ្ជាឲ្យរដ្ឋមន្រ្តី និងអភិបាលខេត្ត បង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាបឱ្យខានតែបាន

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាដាច់ណាត់ ឲ្យរដ្ឋមន្រ្តី និងអភិបាលខេត្តជុំវិញបឹងទន្លេសាប រិះរកវិធីទប់ស្កាត់បទល្មើសនេសាទ ក្នុងបឹងទន្លេសាបឱ្យខាងតែបាន ធ្វើយ៉ាងណា ត្រូវកម្ចាច់ចោលពួកឈ្មួញទុច្ចរិតបំផ្លាញត្រី និងព្រៃលិចទឹកក្នុងបឹងទន្លេសាប ទោះត្រូវប្រើកម្លាំង ឬឧទ្ធម្ភាចក្រ ត្រូវធ្វើសកម្មភាពកម្ចាត់ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេច ហ៊ុន សែន បានលើកឡើងថា«ខ្ញុំមើលឃើញថា ការបង្ក្រាបបទល្មើសនេសាទមិនទទួលបានលទ្ធផលកន្លងមក ដោយសារមានការឃុតឃិត គ្នារវាងមន្ត្រី និងឈ្នួញ ដែលបញ្ហានេះមិន ត្រូវអត់ឱនឱ្យឡើយ ។ហើយបើសិនជានាំគ្នាបណ្តែតបណ្តាយ ម្តងអស់បន្តិចៗ តើទន្លេសាបនៅសល់ប៉ុន្មានទៅ? បញ្ហានេះ សម្តេចតេជោបានបញ្ជាឲ្យខេត្តជុំវិញបឹងទន្លេសាប ត្រូវទទួលខុសត្រូវ និងបង្កើតសមត្ថភាព ដើម្បីដោះស្រាយបញ្ហានេះ»។

ជាថ្មីម្តទៀត សម្តេច ហ៊ុន សែន ក៏បានបញ្ជាដាច់ណាត់ ទៅកាន់រដ្ឋមន្រ្តី ក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ពិសេសអភិបាលខេត្តជាប់បឹងទន្លេសាបទាំងអស់ ឲ្យរកវិធីកម្ចាច់ចោលពួកឈ្មួញទុច្ចរិតបំផ្លាញត្រី បំផ្លាញព្រៃលិចទឹក នៅក្នុងបឹងទន្លេសាបឲ្យខាងតែបាន បើទោះជាត្រូវប្រើកម្លាំង ឬឧទ្ធម្ភាចក្រ ឬយានល្បឿនលឿនបែបណាក៏ដោយ។

មិនតែប៉ុណ្ណោះ សម្តេចក៏បើកឲ្យប្រើកម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាបបទល្មើសនេសាទនេះថែមទៀតផង៕
អត្ថបទ៖ រង្សី