​សម្តេចតេជោ ហ៊ុន សែន ពីក្មេងវត្ត​ក្លាយជានាយ​ឧត្តមសេនីយ៍ ផ្កាយ​៥​ផុត​លេខ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃ ០៥ សីហានេះ គឺជាថ្ងៃដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ដែល​សម្តេច​នឹង​ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ។ ថ្ងៃនេះ សារព័ត៌មានឧកញ៉ាញូស៍ នឹងដល់ស្រង់នូវជីវប្រវត្តិសង្ខេបខ្លះ របស់​ប្រមុខរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យលោកអ្នកនាងបានឈ្វេងយល់បន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១) ព័ត៌មានផ្ទាល់ខ្លួន
សម្តេចតេជោ ហ៊ុន សែន កើតនៅថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។សម្តេច​តេជោ ហ៊ុន សែន បានសិក្សានៅក្នុងស្រុកភូមិ ហើយនៅឆ្នាំ ១៩៦៤ បានមករស់នៅក្នុងវត្តនាគវ័ន្ត នាទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រៈទេវី។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានបុត្រទាំងអស់ ៦ នាក់គឺ៖ ១) ហ៊ុន កំសត់ ( ស្លាប់ក្នុងសម័យប៉ុលពត) ២) ហ៊ុន ម៉ាណែត , ៣) ហ៊ុន ម៉ាណា , ៤) ហ៊ុន ម៉ានិត ៥​), ហ៊ុន ម៉ានី និង៦) ហ៊ុន ម៉ាលី ។

២).​​ការសិក្សា​
-​សម្តេច ហ៊ុន សែន បានបញ្ចប់​បឋមសិក្សា នៅ​ស្រុកកំណើត​នៅ​ឆ្នាំ​១៩៦៥ ហើយ​មក​រស់នៅ​រាជធានី​ភ្នំពេញ​ដោយ​ស្នាក់នៅ​វត្ត​នាគ​វ័ន និង​សិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ថ្នាក់​អនុវិទ្យាល័យ​។​
-នៅ​ឆ្នាំ​១៩៩១ ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​នយោបាយ​ពី Cambodian Tertiary Education និង​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ពី National Political Academy នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

៣).​ ​មុន​ឆ្នាំ​១៩៧៩
-នៅ​ឆ្នាំ​១៩៧០ ក្នុង​អាយុ ១៨​ឆ្នាំ សម្តេច ហ៊ុន សែន បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ ប្រឆាំង​នឹង​ពួក​ចក្រពត្តិនិយម ដើម្បី​រំដោះ​កម្ពុជា ពី​ភ្លើងសង្គ្រាម ក្រោម​ការអំពាវនាវរ​បស់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម​សីហនុ​។​
-​មុន​ថ្ងៃ​ទទួល​ជ័យជំនះ ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ គឺ​ថ្ងៃ​ទី​១៦ ខែ​មេសា សម្តេច ហ៊ុន សែន បានរ​បួស​ភ្នែក​ខាងឆ្វេង​។​
-​នៅ​ឆ្នាំ​១៩៧៧ សម្តេច ហ៊ុន សែន បាន​ចាកចេញ​ពី​គ្រួសារ និង​ដឹក​នា​ចលនា​រំដោះ​ប្រទេស​
-នៅ​ឆ្នាំ​១៩៧៨ សម្តេច ហ៊ុន សែន បាន​ក្លាយជា​ស្ថាបនិក​មួយ​រូប នៃ​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា ហៅថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ចលនា​ជាច្រើន និង​ការគាំទ្រ​ដោយ​កម្លាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។ ចលនា​នេះ បាន​ជួយ​រំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍​ប្រជាធិបតេយ្យ​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។

៤).​​ក្រោយ​ឆ្នាំ​១៩៧៩
-​នៅ​ឆ្នាំ​១៩៧៩ សម្តេច ហ៊ុន សែន កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​។​
-នៅ​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៥ សម្តេច ហ៊ុន សែន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។​
-ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩១ សម្តេច ហ៊ុន សែន កាន់តំណែងជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
-​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ សម្តេច ហ៊ុន សែន គឺជា​តំណាង​ហត្ថលេខី​ដ៏​សំខាន់​មួយ​រូប​ក្នុង​ដំណើរការ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ការបោះឆ្នោត​សកល និង​ដោយ​សេរី​មួយ ដែល​បាន​ធ្វើឡើង​ជា​លើកដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៣​។​
-ពី​ឆ្នាំ​១៩៩៣-១៩៩៨ សម្តេច ហ៊ុន សែន បាន​កាន់​តួនាទី​ជា​សហនាយករដ្ឋមន្ត្រី (​នាយករដ្ឋមន្ត្រី​ទី​២) ក្នុង​រដ្ឋាភិបាលចម្រុះ​នីតិកាល​ទី​១ នៃ​រដ្ឋសភាជាតិ​។​
-ការបោះឆ្នោត​ជា​សកល​នៅ​ឆ្នាំ​១៩៩៨ សម្តេច ហ៊ុន សែន បាន​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​លោក ជា​អនុប្រធាន រហូត​ទទួលបាន​ជោគជ័យ ហើយ​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ នីតិកាល​ទី​២ នៃ​រដ្ឋសភាជាតិ ដែល​មាន​គណបក្ស​ធំៗ​ពីរ​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​។ ប្រទេស​កម្ពុជា​បាន​ក្លាយជា សមាជិក​ទី​១០​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។​
-​នៅ​ឆ្នាំ​២០០៣ សម្តេច ហ៊ុន សែន ក្លាយ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ឈ្នះឆ្នោត​នៅ​ខែ​កក្កដា​។​
-ក្រោយពី​មាន​ការជាប់គាំង​ខាង​នយោបាយ​អស់​រយៈពេល​ជា​ច្រើន​ខែ សម្តេច ហ៊ុន សែន បាន​ទទួល​ជោគជ័យ​ក្នុង​ការ បង្កើតរដ្ឋា ភិបាលចម្រុះ​ជាមួយនឹង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៤ ហើយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាល​។​
-នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០៨ ក្រោយពី​ទទួលបាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​ជា​សកល ២៧​កក្កដា ឆ្នាំ​២០០៨ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​៩០​អាសនៈ​ក្នុង​១២៣​អាសនៈ​ក្នុង​សភាជាតិ លោក ហ៊ុន សែន បាន​ឡើង​កាន់ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​នីតិកាល​ទី​៤ នៃ​រដ្ឋសភា​ជាតិ​សំរាប់​ដំណាក់កាល​ប្រាំ​ឆ្នាំ (២០០៨-​២០​១៣)​។​

៥)​. ​បច្ចុប្បន្ន​
-កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហ​មុនី បាន​តែងតែសម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាល​ជា​ថ្មី​ម្តងទៀត សម្តេចបានដឹកនាំគណបក្សប្រជាជនកម្ពុជាអោយទទួលបានជោគជ័យ។
-ក្រៅពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មាន​តួនាទី​ជា​នាយ​ឧត្តមសេនីយ៍ ផ្កាយ​៥​ផុត​លេខ ហ៊ុន សែន​ ថែមទៀត។

គួរបញ្ជាក់ដែរថា ជាមួយនឹងសមិទ្ធផល និងស្នាដៃធំធេង ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋខ្មែរ បានចាត់ទុកថា សម្តេច ហ៊ុន សែន គឺមេដឹកនាំម្នាក់ដ៏ឆ្នើម និងប៉ិនប្រសព្វ ដែលបានបង្កើតសមិទ្ធិផលជាតិ ការពារជាតិ បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពិតប្រាកដជូនជាតិ និងគុណសម្បត្តិប្រសើរថ្លៃថ្លាក្នុងការផ្តល់អោយប្រទេស និងប្រជាជនកម្ពុជានូវគុណប្រយោជន៍ដ៏ធំធេងមិនអាចកាត់ថ្លៃបានផងដែរ៕ អត្ថបទ៖ រង្សី