សម្តេច ហ៊ុន សែន ប្រកាសមិនឱ្យមានការសាងសង់អាគារខ្ពស់ៗ ក្នុងខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប កាលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនអនុញ្ញាតឱ្យមានការសាងសង់អាគារខ្ពស់ណាមួយ ក្នុងខេត្តសៀមរាប ដែលជាតំបន់បេតិភណ្ឌពិភពលោកនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បានលើកឡើងថា«យើងមិនសម្លាប់មេមាន់គ្រាន់តែដើម្បីឆ្ញាញ់មួយពេលនោះទេ យើងត្រូវចិញ្ចឹមមេមាន់ឱ្យបានល្អដើម្បីទទួលពងរបស់វាឱ្យបានច្រើន។ ហេតុនេះ សម្តេចបានប្រកាសថារដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការសាងសង់អាគារខ្ពស់ៗក្នុងខេត្តសៀមរាបនោះឡើង គឺដើម្បីកុំអោយអង្គរវត្តកម្ពុជាបាត់បង់ឋានៈជាបេតិភណ្ឌពិភពលោក ហើយកម្ពុជានឹងបន្តគោរពគោលការណ៍ ការណែនាំរបស់អង្គការយូនីស្គូជានិច្ច។

ជាមួយគ្នានេះ សម្តេចក៏បានប្រាប់ទៅកាន់អង្គការយូនីស្គូ និងដៃគូអភិរក្សតំបន់បេតិភណ្ឌកម្ពុជា សូមកុំឱ្យមានការបារម្ភចំពោះបញ្ហានេះ ដោយថារដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានរឿងសាងសង់អគារខ្ពស់ៗណាមួយកើតឡើងនោះទេ។

គួរបញ្ជាក់ថា ឆ្លៀតក្នុងឪកាសនោះដែរ សម្តេច ហ៊ុន សែន ក៏បានស្នើរសុំឱ្យអង្គការអន្តរជាតិក៏ដូចជាប្រទេសដៃគូរដែលធ្វើជាសហប្រធាន ICC គឺមានជប៉ុន និងបារាំងដែលត្រៀមចុះហត្ថលេខាធ្វើការសម្រាប់រយៈពេល១០ឆ្នាំបន្តទៀតកុំមានការស្ទាក់ស្ទើរអី ដែលនេះជាការបញ្ជាក់ពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មិនតែប៉ុណ្ណោះ សម្តេច ក៏បានឲ្យដឹងថា រដ្ឋាភិបាលក៏កំពុងរៀបចំសំណុំឯកសារទាំងឡាយដាក់តំបន់ផ្សេងទៀតនៅខេត្តសៀមរាប ដើម្បីចូលជាបញ្ជីបេតិកភណ្ឌពិភពលោកនាពេលខាងមុខថែមទៀត៕

អត្ថបទ៖ រង្សី