ខេត្តស្វាយរៀង គ្រប់​ខ្នង​ផ្ទះ​មាន​បង្គន់​ប្រើប្រាស់ ជាខេត្តដំបូងគេបញ្ចប់ការបន្ទោ​បង់​ពាស​វាល​ពាសកាល

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ ប្រជាជននៅតាមតំបន់ជនបទទូទាំងរាជធានី-ខេត្ត ចំនួន ៧៧.២% មានបង្គន់អនាម័យប្រើប្រាស់ ខណៈដែលប្រជាជនជនបទប្រមាណ ៧៣.៤ % មានទឹកស្អាតប្រើប្រាស់គ្រាប់គ្រាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើង​ក្នុង​កិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ODF) នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបាន​ឲ្យ​ដឹង​ថា ក្នុងចំណោមខេត្តទាំង៥ ដែលជាខេត្តគោលដៅសម្រាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសដែល​រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកែប មកដល់ពេលនេះខេត្តស្វាយរៀង ជាខេត្តដំបូងគេដែលបានក្លាយជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

លោក​បន្ត​ថា នៅឆ្នាំ ២០២១ ប្រជាជនជនបទប្រមាណ៧៧.២% មានបង្គន់អនាម័យប្រើប្រាស់។

កិច្ចប្រជុំពន្លឿនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា ដើម្បីធ្វើការឆ្លុះបញ្ចាំងវឌ្ឍនភាពការកំណត់គោលដៅឡើងវិញ និងបញ្ជាក់ពីការតាំងចិត្ត លើការរៀបចំផែនការ ODF រាជធានីខេត្តនីមួយៗ ស្របតាមផែនការសកម្មភាពជាតិលើកទី២ ដែលបានកំណត់នៅឆ្នាំ២០២៣ សម្រេចឱ្យបាន ៩០% និងឆ្នាំ ២០២៥ សម្រេចឱ្យបាន​១០០%​។

បើ​តាម​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ការសម្រេចបានដូចនេះ បើប្រៀបធៀបទៅនឹងគោលដៅនៃសូចនាករ ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ (NAP-2) លទ្ធផលដែលទទួលបានក្នុងឆ្នាំ២០២១ គឺចំនួនភូមិ ODF និងឃុំ ODF សម្រេចបានប្រមាណតែ៥០% ប៉ុណ្ណោះនៃគោលដៅភូមិចំនួន ៨,៨៥៩ និងឃុំចំនួន ៤១៥។ ដោយឡែកចំនួនស្រុក ODF សម្រេចបានច្រើនពោលគឺមាន ១៩ស្រុក នៃគោលដៅស្រុកចំនួន២០ ខណៈចំនួនខេត្ត ODF សម្រេចបានលើសគោលដៅដែលបានកំណត់សម្រាប់ឆ្នាំ២០២១៕