លោក អួន ស៊ីឡុត៖ កម្ពុជាមិនអាចផលិតគ្រាប់ស្វាយចន្ទីដើម្បីបំពេញតម្រូវការជប៉ុនបានទេ ខណៈកម្ពុជាផលិតបានតិចតួចនៅឡើយ

សង្គម​និង​សេដ្ឋកិច្ច

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កម្ពុជាមិនអាចផលិតគ្រាប់ស្វាយចន្ទីដើម្បីបំពេញតម្រូវការជប៉ុនបានទេ ដោយសារជប៉ុនត្រូវការច្រើន ខណៈកម្ពុជាផលិតបានតិចតួចនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងបែបនេះស្របពេលដែលសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីបន្ថែមទៀតពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក អួន ស៊ីឡុត បានបញ្ជាក់ថា លោកពិតជាសប្បាយចិត្តដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យស្វាយចន្ទី ដែលមកដល់ពេលនេះ ជប៉ុនមិនមិនការនាំចូលគ្រាប់ឆៅទេ ពីព្រោះគ្រាប់ឆៅត្រូវការការច្នៃ និងដំណើរការសាំញុាំច្រើន ទម្រាំបានគ្រាប់មកប្រើប្រាស់ ដោយភាគច្រើនជប៉ុននាំយកគ្រាប់ដែលកែច្នៃរួច។

លោកបន្តថា មកទល់ពេលនេះមានក្រុមហ៊ុនជប៉ុនមួយគឺ ក្រុមហ៊ុន Top Planning Japan ដែលកំពុង សហការជាមួយក្រុមហ៊ុនជ័យសំបូរផលិតយកលក់នៅបណ្តាផ្សារទំនើបអូខេរបស់ជប៉ុន និងផ្សារអ៊ីអនដែលមានសាខា៣០០សាខាទូទាំងប្រទេសជប៉ុនកន្លងមកផងដែរ។ប៉ុន្តែទោះយ៉ាងណាក្តី ក៏យើងមិនអាចផលិតដើម្បីបំពេញតម្រូវទីផ្សាររបស់ជប៉ុនបានទេ ព្រោះជប៉ុនត្រូវការច្រើនជាងហ្នឹង ហើយយើងផលិតបានតិចតួចនៅឡើយ ដូចនេះជប៉ុនត្រូវការថែមទៀត។

លោក បានបន្តទៀតថា នៅខែមករា ឆ្នាំ២០២៤ខាងមុខ ក្រុមហ៊ុនជប៉ុនមួយទៀតឈ្មោះថា MIRATH Agri Tech Co Ltd, ស្ថិតនៅក្រោមក្រុមហ៊ុនមេ MIRATh holding នឹងបុកគ្រឹះសាងសង់រោងចក្រមួយទៀតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការទីផ្សារជប៉ុន។ក្រុមហ៊ុននេះមានសមត្ថភាពផលិតបាន ២០តោនក្នុង១ថ្ងៃ ជារោងចក្រទំហំមធ្យម។

បើតាមលោក អួន ស៊ីឡុត ទោះបីជាមានវត្តមានរោងចក្រខាងលើនេះក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់អាចកែច្នៃបំពេញតម្រូវការជប៉ុនបាននៅឡើយទេ ដោយក្រុមហ៊ុននេះនឹងបន្តបើករោងចក្រកែច្នៃចន្ទីបន្តទៀតនៅឆ្នាំបន្តបន្ទាប់ ពីព្រោះតម្រូវការជប៉ុនមួយឆ្នាំ ១ម៉ឺនតោនឯណោះ៕