កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យ MSMEs និងនវានុវត្តន៍ ក្រោមគម្រោងមូលនិធិឡានឆាង-មេគង្គ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២ ៣ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយ លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ បានបំពេញទស្សនកិច្ចនៅចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងប្រព័ន្ធអេកូឡូស៊ីគាំទ្រធុរកិច្ច ក្រោមគម្រោងមូលនិធិកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាកម្រិតខ្ពស់ជាមួយ លោក Ke Jixin អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលចិនសម្រាប់លើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍឧស្សាហកម្ម ការគាំទ្រ MSMEs ការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន ដោយឯកភាពបន្តជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការជាក់ស្តែងនាពេលអនាគត។

គណៈប្រតិភូក៏បានជួបពិភាក្សា និងទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុន និងស្ថាប័នបច្ចេកវិទ្យាសំខាន់ៗរបស់ចិន រួមមាន iSoftStone Information Technology (Group) Co., Ltd., Zhongguancun (ZGC) Science Park, TusPark និង Torch High Technology Industry Development Center ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការអភិវឌ្ឍសួនវិទ្យាសាស្ត្រ ការបណ្តុះធុរកិច្ច ការផ្ទេរបច្ចេកវិទ្យា និងការធ្វើពាណិជ្ជូបនីយកម្មនវានុវត្តន៍។

ជំនួបទាំងនេះបានបើកឱកាសសម្រាប់ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍការវេចខ្ចប់ផលិតផល ការអភិវឌ្ឍមជ្ឈមណ្ឌលបណ្តុះធុរកិច្ច ការជំរុញបរិវត្តកម្មឌីជីថល និងការតភ្ជាប់រវាងស្ថាប័នគាំទ្រ MSMEs និងវិស័យឯកជននៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកិច្ចសហការជាក់ស្តែងបន្ថែមទៀត ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គ ដើម្បីលើកកម្ពស់ផលិតភាព សមត្ថភាពប្រកួតប្រជែង និងនវានុវត្តន៍របស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។