គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ដែលបានធ្វើនៅក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា កម្ពុជា ចូលរួមវេទិការអន្តរជាតិនេះ គឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាជូនសហគមន៍ធុរកិច្ចដែលមានវត្តមាននាឱកាសកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២២។
ទន្ទឹមគ្នានេះ លោក បានសម្តែងនូវសេចក្តីរីករាយឥតឧបមាដែលសង្កេតឃើញការចូលរួមយ៉ាងច្រើនកុះករពីសំណាក់វិនិយោគិន និងធុរជន ដែលតឹកតាងនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ច្បាស់អំពីចំណាប់អារម្មណ៍ខ្ពស់របស់វិនិយោគិនចិនលើកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។

លោក បានជម្រាបជូនអង្គវេទិកាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្តោតសំខាន់លើបច្ចុប្បន្នភាពថ្មីនៃម៉ាក្រូសេដ្ឋកិច្ច, ច្រកចូលទីផ្សារ និងរំហូរនៃគម្រោងវិនិយោគ។ ជាមួយគ្នានេះ លោកក៏បានពិពណ៌នាអំពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពអំណោយផលខ្ពស់នៃគោលនយោបាយវិនិយោគដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងជាប្រចាំ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធុរកិច្ចរបស់សហគ្រាសគ្រប់ជាតិសាសន៍ដោយគ្មានការរើសអើង។
នៅក្នុងវេទិការអន្តរជារិនេះដែរ ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ក៏បានអំពាវនាវឱ្យវិនិយោគចិនមកបំពេញទស្សនកិច្ចការងារ និងសិក្សាសមិទ្ធិលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន


