ជាង២០ឆ្នាំ ជប៉ុន​ផ្តល់​ថវិកា​​រយ​លាន​ដុល្លារ ​​ជួយ​គម្រោងការពារទឹកជំនន់​​នៅ​រាជធានី​ភ្នំពេញ​

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់ជំនួយ​ជា​ថវិកា​រាប់​រយ​លាន​ដុល្លារ​លើ​គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ​ជា​បន្ត​បន្ទាប់​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ ជាមួយ​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះ បានជួយឲ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។

ក្នុង​រយៈ​ពេល ២០ ឆ្នាំ​នេះ​តាំង​ពី​ឆ្នាំ​២០០២ រដ្ឋាភិបាល​ជប៉ុន​បានអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៤លើកហើយ។

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូទាំង ៤ លើកដែល​បាន​អនុវត្ត​ក្នុងរាជធានីភ្នំពេញ​ជា​បន្ត​បន្ទាប់​​តាម​រយៈ​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​មាន​៖

-គម្រោងអទិភាពទី១៖ គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី១ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ពីខែធ្នូ ឆ្នាំ២០០២ ដល់ខែកញ្ញា ឆ្នាំ២០០៤។ ជាលទ្ធផលគម្រោងនេះបានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀង ដែលធ្លាប់តែជន់លិចត្រាំត្រែងនៅប៉ែកខាងត្បូង រាជធានីភ្នំពេញ នៅផ្នែកខ្លះនៃខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌមានជ័យ ជាពិសេសបានការពារផ្នែកខាងត្បូងរាជធានីភ្នំពេញ ពីការគម្រាមកំហែងដោយទឹកជំនន់ពីប្រព័ន្ធទន្លេមេគង្គ ដោយទំនប់បឹងទំពុនត្រូវបានជួសជុល និងពង្រឹង និងជាបន្ទាប់មកទៀត ក៏បានក្លាយជាផ្លូវវាងមួយដ៏សំខាន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ។

-គម្រោងអទិភាពទី២៖ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី២ ដែលបានអនុវត្តពីខែតុលា ឆ្នាំ២០០៧ ដល់ខែកុម្ភៈ ឆ្នាំ២០១០ ហើយដែលគម្រោងជំហានទី២នេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅតំបន់កណ្តាល និងខាងកើតរាជធានីភ្នំពេញ ដូចជានៅជុំវិញតំបន់វត្តភ្នំ ជុំវិញផ្សារថ្មី ផ្សារកណ្តាល ជុំវិញព្រះបរមរាជវាំង និងសារមន្ទីរជាតិ ជាពិសេសមុខអតីតរដ្ឋសភាជាតិ ដែលឧស្សាហ៍ជន់លិចដោយទឹកភ្លៀងជារឿយៗក្នុងរដូវវស្សាកន្លងមក ដោយបានសាងសង់ស្ថានីយបូមទឹក និងអាងស្តុកទឹកក្រោមដីចំនួន៤កន្លែង ក្រោមសួនច្បារតាមដងទន្លេសាប និងជីកដាក់បណ្តាញ​លូ​មេសំខាន់ៗតាមដងផ្លូវមួយចំនួន ដើម្បីប្រមូលទឹកភ្លៀងឲ្យហូរបានលឿនមកអាងស្តុកទឹកក្រោមដីទាំងនោះ ដើម្បីបូមបញ្ចេញទៅទន្លេបានទាន់ពេលវេលា។

ដើម្បីលើកកំពស់សោភ័ណភាព និងបរិស្ថានតាមដងទន្លេសាប និងមុខព្រះបរមរាជវាំង កំណាត់ច្រាំងទន្លេសាបចំនួន២កន្លែង ដែលបានខូចខាត និងបាក់ស្រុត ក៏ត្រូវបានលើកបញ្ចូលក្នុងគម្រោងដើម្បីធ្វើការជួសជុល ហើយជាពិសេសទៅទៀត ទឹកប្រើប្រាស់ដែលធ្លាប់បង្ហូរចូលទន្លេសាបតាមលូរមួយចំនួននោះ ក៏ត្រូវបានពង្វាងឲ្យហូរទៅអាងស្តុកទឹកបឹងត្របែកវិញ ដើម្បីកុំឲ្យខូចបរិស្ថានទឹកទន្លេ និងកុំឲ្យមានក្លិនមិនល្អតាមសួនច្បារមាត់ទន្លេ ដែលជាទីរមណីយដ្ឋានរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្តជាដើម។

-គម្រោងអទិភាពទី៣៖ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនជាបន្តមកទៀត គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៣ ដែលបានអនុវត្តពីខែមករា ឆ្នាំ២០១២ ដល់ខែតុលា ឆ្នាំ២០១៥។ គម្រោងជំហានទី៣នេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងតំបន់បឹងត្របែក ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដោយបានជីកដាក់បណ្តាញលូមេ និងលូប្រអប់ធំៗ ប្រវែងប្រមាណ ២០,៦៥៤ម៉ែត្រ ក្នុង​ខណ្ឌចំការមន ខណ្ឌ៧មករា និងផ្នែកខ្លះនៃខណ្ឌដូនពេញ សាងសង់ឡើងវិញនូវអាងត្រងសម្រាមក្រោមដី នៅសួនច្បារក្បែរផ្លូវលេខ២៤០ ខាងត្បូងព្រះបរមរាជវាំង ដើម្បីបង្ហូរទឹកភ្លៀងឲ្យបានលឿនឆ្ពោះទៅអាងស្តុកទឹកបឹងត្របែក។ ជាមួយគ្នានេះដែរ ក៏មានការផ្គត់ផ្គង់រថយន្តបាញ់ទឹកលាងសម្អាតបណ្តាញលូចំនួន ០២គ្រឿង និងរថយន្តបូមសម្អាតបណ្តាញលូចំនួន ០២គ្រឿងផងដែរ។

ដោយឡែក​នៅ​ព្រឹកនេះ ប្រមុខ​រដ្ឋាភិបាល​​បាន​ដាក់​ឲ្យ​ដំណើរការ​គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ គម្រោងនេះ​ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើម​ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។ គម្រោងនេះ បានកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌ​ទួលគោក។

តាមរយៈនៃការដាក់ឱ្យដំណើរការគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ បានកាត់​បន្ថយ​ការ​លិចលង់ធ្ងន់ធ្ងរដូចជានៅ​តំបន់​ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៥៩៦ ផ្លូវលេខ៥៩២ ផ្លូវលេខ៣១៥ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៧ ផ្លូវលេខ៦០៨ ស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ស្តុបផ្ទះសំណាក់ស្រែលាប…មិនមានការលិចលង់ទៀតទេ៕