ភរិយារដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះបេសកកម្ម​​ពីរថ្ងៃ​ ទៅតំបន់​ការពារ​ធម្មជាតិ​ក្នុងខេត្តកំពង់ធំ

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវ ឌិត នីតា ភរិយា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និងលោកជំទាវម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំ​ក្រុម​ការងារ​ចុះ​បេសកកម្ម​ ដើម្បី​ស្វែង​យល់​ពី​ជីវភាព​សហគមន៍ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងការ​ចុះ​បេសកកម្ម​នេះ​គឺដើម្បីពិនិត្យមើលពីភាពរីកចម្រើន និងលទ្ធផលការងារដែលសម្រេចបាននៅសហគមន៍គោលដៅរបស់គម្រោង។ មួយវិញទៀត​ក៏​ដើម្បីស្វែងយល់ រៀនសូត្រពីបទពិសោធន៍នៃការបញ្ជ្រាប​យេនឌ័រ និងការជំរុញការចូលរួមរបស់ស្រ្តីក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងការគ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ តាមរយៈយន្តការនិរន្តភាពហិរញ្ញវត្ថុ ។

បញ្ជាក់ដែរ​​ថា ដំណើរបេសកកម្ម​នៃ​ភរិយា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​មន្រ្តី​ជាន់ខ្ពស់​ជាច្រើន​ទៀតគឺ​មានរយៈពេលពីរថ្ងៃកាលពី​ចុង​សប្តាហ៍ ដែល​បាន​ចុះ​ទៅសហគន៍តំបន់ការពារធម្មជាតិជាំធ្លក និងសហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្រ្តខេត្តកំពង់ធំ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏​មាន​ការ​ពិភាក្សាជាមួយគណៈកម្មការសហគមន៍ ដើម្បីស្វែងយល់ពីស្ថានភាពក្នុងដំណើរការរៀបចំ និងការគ្រប់គ្រងសហគមន៍ និងបទពិសោធន៍ការងារស្រ្តីក្នុងការចូលរួមការគ្រប់គ្រងឥណទាន​សហគមន៍តំបន់ការពារធម្មជាតិដែលគាំទ្រដោយអង្គការរីខូហ្វ។

ដំណើរទស្សនកិច្ចសិក្សានេះ មានការ​សម្របសម្រួលរៀបចំឡើងដោយក្រុមការងារស្រ្តី និងក្រុមការងារបច្ចេកទេស​យេនឌ័រ​នៃក្រសួងបរិស្ថាន និងក្រោមកិច្ចសហការពីអង្គការរីខូហ្វ (RECOFTC) ដោយមានសមាសភាពចូលរួមប្រមាណ ៨០ នាក់៕