សម្តេច ហ៊ុន សែន៖បច្ចុប្បន្នកម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងរហូតជិត១០លានដូស

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នកម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងជិត១០លានដូស ខណៈវ៉ាក់សាំងដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូសបន្ថែមទៀតផងដែរ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត៤៣លានដូស ដូច្នេះបច្ចុប្បន្នកម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងជិត១០លានដូស ហើយក្នុងចំណោមវ៉ាក់សាំងទាំងអស់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២៨,៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់សាំងដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូសបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានប្រកាសថា វាមិនមែនជារឿងងាយស្រួលទេ ក្នុងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការឆ្លងរីករាលដាលជំកូវីដ-១៩ ដែល​សម្តេច​ប្រៀបប្រដូច​ទៅ​នឹង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយស​ត្រូវ​លាក់មុខ ដែលមិនដឹងថា «សត្រូវរបស់យើងនៅទីកន្លែងណានោះទេ»។

សម្តេច ក៏បញ្ជាក់ថា បញ្ហាកូវីដ-១៩ វានឹងកើតក្តីមហន្តរាយធ្ងន់បំផុតដល់កម្ពុជា បើសិនយើងគ្មានវ៉ាក់សាំងទេនោះ។សម្តេចបន្តថា វ៉ាក់សាំងកូវីដ-១៩ នឹងដឹកជញ្ជូនមកដល់កម្ពុជា ជា​បន្ត​បន្ទាប់ ដោយយើងអាចធានាអះអាងថា «កម្ពុជា​មិនខ្វះវ៉ាក់​សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ ហើយកម្ពុជាក៏មានស្តុកបម្រុងយុទ្ធសាស្ត្រទាំងនៅកម្ពុជា និងនៅប្រទេស​ចិន​ផង​ដែរ ដើម្បីធានាការផ្គត់ផ្គង់ស្ថានភាពយូរអង្វែង។

ទោះបីជាយ៉ាងណាក្តី សម្តេច ហ៊ុន សែន ក៏បន្តប្រកាសអំពាវនាវដល់ប្រជពលរដ្ឋឱ្យមានវិធានាការផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាជំងឺកូវីដ-១៩ តាមរយៈវិធានការ៣កុំ និង៣ការពារ និងបានបន្តប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញ តាមទីកន្លែង ដែលរៀបចំដោយឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យផងដែរ៕