សហគ្រាសឱសថរបស់អ្នកឧកញ៉ា ជឹង សុភាព នឹង​សហ​​ការ​ជាមួយ​ក្រុមហ៊ុនស៊ីណូវ៉ាក់​​ ដើម្បីច្រក​និង​វេចខ្ចប់​វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សាធារណរដ្ឋប្រជាមានិតចិន បានអនុញ្ញាតឱ្យមានការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅប្រទេសកម្ពុជា ដោយអនុលោមទៅតាមនិយាមរបស់សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ សហគ្រាស ឱសថកម្ពុជារបស់អ្នកឧកញ៉ា ជឹង សុភាព ទទួលបានការអនុញ្ញាតដើម្បីអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុន Sinovac Life Sciences ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុស កូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយលោក Wang Wentian (វ៉ាង វិនធាន) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អ្នកឧក​ញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang (កៅ ជាំង) អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា  បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នានាពេលនេះ បានបង្កើតមូលដ្ឋានកាន់តែរឹងម៉ាំ ដើម្បីកសាងរោចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ និងបានជួយដល់ការផលិតឱសថមួយកម្រិតថែមទៀតនៅកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា បានប្តេជ្ញាថា នឹងខិតខំប្រឹង​ប្រែងអស់ពីលទ្ធភាព ដើម្បីអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុន Sinovac ជាដៃគូសហការឱ្យទទួលបានជោគជ័យ ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យដ៏ធំធេង តាមរយៈយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកឧកញ៉ា ជឹង សុភាព ក៏បានថ្លែងអំណរគុណចំពោះ​គំនិតផ្តួចផ្តើម និងការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន លើ​គម្រោងច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ និងថ្លែងអំណរគុណចំពោះឯកអគ្គ រដ្ឋទូតចិនប្រចាំ​កម្ពុជា និងលោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានផ្តល់ការសម្របសម្រួល និងគាំទ្រដល់ការជម្រុញអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានអបអរសាទចំពោះការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ដែលអាចឱ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងនិងបញ្ជីប្រើប្រាស់បន្ទាន់​របស់​អង្គការសុខភាពពិភពលោក ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងជន​បរទេស​ទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្រី្ត ថាគម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែង​ថ្មីផ្សេង​ៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល ៣ឆ្នាំ (២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់​តម្រូវការប្រើបា្រស់ក្នុងប្រទេស៕